សន្ដិសុខសង្គម

រថយន្តធំបុកម៉ូតូស្លាប់ម្នាក់និងម្នាក់របួសធ្ងន់ ម្ចាស់រថយន្តបើករត់បាត់ស្រមោល

ដោយៈសុខុម

ភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមចាប់រថយន្តធំមួយគ្រឿង បន្ទាប់ពីម្ចាស់បើករត់គេចបាត់ ក្រោយបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចកណ្ដាលស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងភ្លាមៗថា៖ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បើតាមភិនភាគគឺជាមនុស្សស្រីមានសម្បុរស អាយុប្រហែល២០ឆ្នាំជាង កម្ពស់ប្រហែល ១ម៉ែត្រ៥០ ស្លៀកខោក្រណាត់ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លីពណ៌ស។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់និងស្ត្រីម្នាក់ជិះម៉ូតូ ម៉ាកឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2012 ពាក់ផ្លាកលេខភ្នំពេញ1BF.6426បើកតាមបណ្ដោយផ្លូវ 50ម៉ែត្រទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំបើកតាមបណ្ដោយផ្លូវ 217 ទិសដៅពីជើងមកត្បូងយ៉ាងលឿនមកបុកម៉ូតូពេញទំហឹងចំពីមុខបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ខណៈពេលនោះបុរសម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិត។

ដោយឡែករថយន្តបង្កបុកម៉ូតូនោះក្រោយមកក៏បានថែមល្បឿនបើកទៅទិសខាងត្បូងបាត់ស្រមោល។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យឡានដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕