សន្ដិសុខសង្គម

ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លារទាំងព្រឹក

ដោយ៖សុខុម

បាត់ដំបង៖ ក្រុមចោរជាច្រើននាក់ប្រើល្បិចទិញទំនិញ រួចបន្លំចូលលួចលុយអស់ជិត៣០០០ដុល្លារទាំងព្រឹក កណ្តាលក្រុងបាត់ដំបង។

ប្រភពនៅទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា៖ ករណីក្រុមចោរប្រើល្បិចបន្លំលួចយកលុយជាច្រើនពាន់ដុល្លារនេះ បានបង្កការភ្ញាក់ផ្អើលនៅអំឡុងវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងក្រុមទី០៣ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ម៉ា លីណែត អាយុ៣០ឆ្នាំ មុខរបរផ្ញើ និងដកប្រាក់ទ្រូម៉ាន់នី និងលក់ដូរម្សៅផលិតផល រស់នៅក្នុងភូមិ សង្កាត់កន្លែងកើតហេតុខាងលើ។ ស្ត្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ ក្រុមចោរដែលមានគ្នាប្រមាណជា៥ ទៅ៦នាក់មានប្រុស មានស្រី។ ដំបូងឡើយពួកក្រុមចោរបានប្រើល្បិចឲ្យស្ត្រីម្នាក់ជិះម៉ូតូមកសួរនាំតម្លៃចង់ទិញផលិតផលម្សៅ ដោយមិនត្រូវថ្លៃក៏ជិះម៉ូតូចេញទៅវិញបាត់ តែមួយសន្ទុះក្រោយមកក៏បានវិលត្រឡប់មកវិញហើយបានឲ្យស្ត្រីជនរងគ្រោះយកម្សៅឲ្យខ្លួនមើលដែលដាក់តាំងនៅក្នុងផ្ទះខាងក្រោយពីកន្លែងទ្រូម៉ាន់នី ។ ស្របពេលដែលជនរងគ្រោះដើរទៅយកម្សៅ ស្រាប់តែមានបុរសផ្សេងទៀតជាបក្ខពួកបានចូលទៅលួចលុយដែលដាក់ក្នុងកាបូប នៅក្នុងថតទូកន្លែងដក និងដាក់លុយ ប៉ុន្តែភ្លាមៗនោះស្ត្រីជនរងគ្រោះបានងាកមកឃើញទាន់ក៏បានស្រែកឆោឡោដេញចាប់យ៉ាងប្រកៀកប្រកិត រហូតក្រុមចោរបានបាចលុយដុល្លារមួយចំនួនចោលរាយប៉ាយពេញដងផ្លូវ បន្ទាប់មកក៏ជិះម៉ូតូរំដោះខ្លួនបាត់អស់តែម្តង។

ចំពោះមុខសមត្ថកិច្ចជំនាញបាននិងកំពុងមមាញឹកតាមដានស្រាវជ្រាវ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមទីកន្លែងដែលពាក់ព័ន្ធដើម្បី​កំណត់មុខសញ្ញាឈានទៅចាប់ខ្លួនជនសង្ស័យ៕