ព័ត៌មានជាតិ

ជួសជុលដំបូលផ្សារធំកំពង់ចាមរួចរាល់១០០ភាគរយប្រកាសប្រគល់ជូនអាជីវករ

ដោយ៖ គង់ហេង

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដែលបានចំណាយទឹកប្រាក់ ដើម្បីស្ថាបនាជួសជុលកែលម្អ ដំបូលផ្សារធំកំពង់ចាមទំហំជាង ៣.០០០ ម៉ែត្រការ៉េ បច្ចុប្បន្នបានរួចរាល់ជាស្ថាពរ ១០០ភាគរយ បានប្រកាសប្រគល់ជូនក្រុមអាជីវករផ្សារមួយនេះកាលពីថ្ងៃទី ២៩ មិថុនា ម្សិលមិញ។

ពិធីប្រគល់នេះបានរៀបចំឡើងនៅក្នុងផ្សារនេះតែម្តង ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ បន្ទាប់ពីចុះពិនិត្យជាក់ស្តែង ឃើញដំបូលផ្សារធំកំពង់ចាម ធ្លុះធ្លាយ លិចជ្រាបទឹក បង្កឱ្យប៉ះពាល់ដល់ការលក់ដូរ គឺរដ្ឋបាល​ខេត្តបានសម្រេចឯកភាព ស្ថាបនាជួសជុលកែលម្អ ដំបូលផ្សារនេះដែលមានទំហំ ៣.៣០០ ម៉ែត្រការ៉េ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជីវករទាំងអស់បានលក់ដូរ។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បន្តថា៖ ការស្ថាបនា ជួសជុលកែលម្អដំបូលផ្សារ គឺឆ្នាំកន្លងទៅ រដ្ឋបាលខេត្តបានជួសជុលផ្សារបឹងកុក ក្នុងក្រុងកំពង់ចាមនេះ និងបានសាងសង់ដំបូលថ្មី ដើម្បីបង្កការងាយស្រួលដល់គណៈអាជីវករ ក៏ដូចជាអាជីវករ អាចបង្រីកការលក់ដូរ និងមានផាសុកភាព ព្រមទាំងធ្វើផ្សារមានលក្ខណៈទូលាយជាងមុន៕