អន្តរជាតិ

Elon Musk ចាប់ផ្តើមហ្វឹកហាត់ត្រៀមឡើងវ៉ៃ Mark Zuckerberg

មហាសេដ្ឋីកំពូលអាម៉េរិក និងជាស្ថានិកនៃក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លាឈ្មោះ Elon Musk បានកំពុងចាប់ផ្តើមទទួលការហ្វឹកហាត់ត្រៀមឡើងប្រកួតវាយដាក់ទ្រុងជាមួយស្ថាបនិកក្រុមហ៊ុនហ្វេសបុក Mark Zuckerberg។

តាមរយៈការបង្ហោះសារថ្ងៃចន្ទទី ២៦ ខែមិថុនា ឆ្នាំ២០២៣នៅលើបណ្តាញសង្គមធ្វីតធ័រ របស់លោកមហាសេដ្ឋីវ៉ាល់លាន Elon Musk បានបង្ហាញថា លោកពិតជាបានយល់ព្រមចាប់ផ្តើមហ្វឹកហាត់ត្រៀមបណ្តើរៗជាមួយស្តេចប្រដាល់ UFC Georges St-Pierre ដែលស្ម័គ្រក្នុងការធ្វើជាគ្រូបង្វឹក។ នៅក្នុងសារឆ្លើយតបរវាង លោក Musk និងកំពូលអ្នកប្រដាល់អាមេរិក Georges Pierre ដែលចាត់ទុកលោក Musk ជានិមត្តិរូបបានបង្ហាញថា អ្នកទាំងពីរបានយល់ព្រមជាមួយគ្នា ក្នុងនាមជាគ្រូ និងសិស្សបង្ហាត់គ្នាពិតមែន។ Georges និយាយថា “ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់អ្នក ហើយវានឹងក្លាយជាកិត្តិយសដ៏ពិតប្រាកដមួយក្នុងការជួយអ្នក និងធ្វើជាដៃគូហ្វឹកហាត់របស់អ្នកសម្រាប់ការប្រកួតប្រជែងជាមួយ Zuckerberg”។

ទោះបីជាបែបនេះក្តី គេមិនច្បាស់ទេថាតើ មហាសេដ្ឋីលុយកប់ក្តោងទាំងពីររូបនេះ នឹងធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ឬយ៉ាងណា ខណៈដែលកន្លងទៅថ្មីៗនេះ លោក Mark Zuckerberg ដែលជាស្ថាបនិកនៃក្រុមហ៊ុនមេតាហ្វេសបុកបានបោះពាក្យឌឺដងគ្នា យល់ព្រមសម្រាប់ការប្រកួតដាក់ទ្រុង។ Zuckerberg បានបង្ហោះសារក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា “សូមផ្ញើទីតាំងមកឲ្យខ្ញុំ”។ ហើយលោក Musk បានឆ្លើយតបថា “ប្រសិនបើនេះជាការពិត ខ្ញុំនឹងធ្វើវា” ដោយស្នើឱ្យការប្រកួតគួរតែធ្វើឡើងនៅទីក្រុង Las Vegas នៅសង្វៀន UFC Octagon ៕

ប្រភព៖ CNBC