សន្ដិសុខសង្គម

រថយន្ដដឹកកម្មករបុកម៉ូតូក្រឡាប់បណ្ដាលឲ្យស្លាប់ម្នាក់និងរបួស៤២នាក់

ដោយ៖ សហការី

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកកម្មករបុកម៉ូតូក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤២នាក់ផ្សេងទៀត​រងរបួសធ្ងន់-ស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី២៧ មិថុនា នៅផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលចរាចរណ៍ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២៥នាទី ព្រលប់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ នៅចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសែប លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥-៦៦ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបានបន្តថា៖ គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តដឹកកម្មករ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ធំ 3A-0765 បើកបរដោយឈ្មោះ ហាន វ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងដឹកកម្មករចេញពីធ្វើការរោងចក្រត្រីប៉ូស អ៊ិនធើណេសសិន បានបុកជាមួយម៉ូតូ ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D-2290 បើកបរដោយឈ្មោះ មាស បូរិន្ទ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ចនគបាលចរាចរណ៍ អ្នកបើកបររថយន្តបានសារភាពថា៖ខ្លួនបានបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូបានវ៉ាជែង មកដល់ខាងមុខបានដួលមូតូចូលគន្លងរថយន្ត គេចមិនទាន់ក៏កិនម៉ូតូអូសទៅមុខ ធ្វើឲ្យរថយន្តក្រឡាប់ចាក់កម្មករតែម្តង។

មន្រ្តីជំនាញបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍នេះបណ្ដាលឲ្យកម្មករ-កម្មការិនីរងរបួសសរុបចំនួន ៤៣ នាក់ (ប្រុស ២នាក់), ស្លាប់ស្រ្តីម្នាក់, ខូចខាងម៉ូតូ ១ គ្រឿងស្ទើរទាំងស្រុង និងខូចខាតរថយន្ត ១ គ្រឿងបន្តិចបន្តួច៕