សន្ដិសុខសង្គម

តុលាការឃុំខ្លួនជនសង្ស័យសម្លាប់ម្តាយនិងកូនហើយស៊ើបអង្កេតបន្ត

ដោយ៖សុខុម

កំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ​ដែលសង្ស័យថាបានសម្លាប់ម្តាយនិងកូនតូចដែលមិនទាន់ដឹងក្តី។

                                                           ជនសង្ស័យសម្លាប់ម្តាយនិងកូនតូច

លោកអនុសេនីយ៍ឯក រតន៍ ឧត្តម អធិការរងនគរបាលស្រុកបសេដ្ឋបានប្រាប់អ្នកយកព័ត៌មានCambodia Flash News នៅព្រឹកថ្ងៃទី២៨ មិថុនាថា៖ យើងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យសម្លាប់ម្តាយនិងកូនតូចទៅតុលាការខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី២៧មិថុនាដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គេបានប្រទះឃើញស្រ្តីម្នាក់ឈ្មោះ ឈៀវ សុខគឿន អាយុ២៤ឆ្នាំ និងកូនស្រី អាយុ១ខួបនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ត្រូវបានគេសម្លាប់។

តាមរយៈការស៊ើបអង្កេតគឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះឡាយ ទ្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា ការសម្លាប់នេះគឺដោយសាររឿ់ងគំនុំខឹងជនរងគ្រោះបង្ហាញអាកប្បកិរិយាខ្ពើមរអើមមកលើខ្លួន ហើយក៏ចាប់ផ្តើមរៀបចំគម្រោងទុកក្នុងការសម្លាប់នេះ។

ជនសង្ស័យបានធ្វើត្រាប់និងប្រាប់សមត្ថកិច្ចថា៖ នៅថ្ងៃកើតហេតុ ដោយឃើញឱកាសល្អ រូបគេបានទាញកាំបិតដើរសំដៅទៅជិត​ជនរងគ្រោះរួចកាប់ជាច្រើនកាំបិតលើស្ត្រីជាម្តាយបណ្តាលឲ្យស្លាប់។ក្រោយសម្លាប់ម្តាយហើយក៏កាប់ទៅលើកូនតូចអាយុ១ខួប នៅក្នុងអង្រឹងស្លាប់រួចហើយចាប់បីយកទៅបោះចោលនៅក្បែរគល់ចេក។ រីឯកាំបិតដែលកាប់ម្តាយកូននោះខ្លួនបានយកទៅលាក់ទុក​ក្បែរកន្លែងកើតហេតុ រត់គេចឡើងទៅលាក់ខ្លួននៅលើភ្នំបានមួយយប់ កម្លាំងនគរបាលក៏បានទៅព័ទ្ធចាប់បានតែម្តង៕