សន្ដិសុខសង្គម

កំពុងរកពីមូលហេតុមន្រ្តីនគរបាលម្នាក់ដែលបាញ់សម្លាប់ខ្លួន

ដោយ៖សុខុម

ភ្នំពេញ៖មន្រ្តីនគរបាលម្នាក់បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិម័ល  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលដែលបានបាញ់សម្លាប់ខ្លួន

បើតាមសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា៖ អ្នកបាញ់សម្លាប់ខ្លួនឈ្មោះអេង សុខរី អាយុប្រហែលជាង២០ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាល ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី ប៉ុស្តិ៍ព្រៃវែង នៃអធិការដ្ឋានខណ្ឌដង្កោ រស់នៅកន្លែងកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ គេឮសំឡេងផ្ទុះកាំភ្លើងចំនួន៣គ្រាប់ ពេលនោះសាច់ញាតិបងប្អូនចូលទៅមើល ក៏ស្រាប់តែឃើញស្លាប់នៅក្នុងបន្ទប់ដេកដោយស្លៀកខោខ្លីពណ៌ខ្មៅត្រឹមជង្គង់។

មកដល់ពេលនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតស្វែងរកមូលហេតុមន្រ្តីនគរបាលដែលបានបាញ់សម្លាប់ខ្លួននោះ។

សូមបញ្ជាក់ដែរថា កន្លងមកនេះគេសង្កេតឃើញមានមន្រ្តីនគរបាលជាតិជាច្រើននាក់ហើយដែលបានធ្វើអត្តឃាត ដោយប្រើកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនោះ៕