ព័ត៌មានជាតិ

មន្ទីរជំនាញត្រូវគ្រប់គ្រងការងាររមណីយដ្ឋានទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

ដោយ៖កំចាយ

កំពត: ក្នុងបំណងទទួលធាតុចូលថ្មីៗបំពេញបន្ថែមលើសេចក្តីព្រាងស្តង់ដាររមណីយដ្ឋានកសិទេសចរណ៍សម្រាប់អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំសិក្ខាសាលានៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ដើម្បីផ្លាស់ប្តូរទស្សន:ជាវិជ្ជមាន។

ថ្លែងទៅកាន់សមាជិកនៃអង្គសិក្ខាសាលាប្រមាណជាង១៤០នាក់មកពីបណ្តារាជធានីខេត្ត លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ រមណីយដ្ឋានស្តង់ដារជាចលករដ៏សំខាន់ក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត។

ដូច្នេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តជំរុញការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោករដ្ឋលេខាធិការបានបន្តថា បន្ថែមលើនេះ មន្ទីរទេសចរណ៍ចាំបាច់ត្រូវពិនិត្យសុពលភាពអាជ្ញាប័ណ្ណរមណីយដ្ឋាន ទេសចរណ៍ដោយជំរុញការស្នើសុំបន្តឲ្យទាន់ពេលវេលា។ មន្ទីរជំនាញក៏ត្រូវបន្តជំរុញដល់គ្រប់ម្ចាស់រមណីយដ្ឋានទាំងអស់ ឲ្យស្នើសុំអាជ្ញាប័ណ្ណរមណីយដ្ឋានទេសចរណ៍ផងដែរ។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា៖ ខេត្តកំពតមានធនធានធម្មជាតិដ៏ច្រើនសម្បូរបែបដែលជាផលិតផលទេសចរណ៍។ មណ្ឌលកម្សាន្តសំខាន់ៗក្នុងខេត្តកំពតមានដូចជា៖ ភ្នំបូកគោ, អគារបេតិកភណ្ឌក្នុងក្រុង, តំបន់រមណីយដ្ឋានទឹកឈូ, រមណីយដ្ឋានទំនប់ម្លេច, រមណីយដ្ឋានទំនប់ប្រទ័ក្សក្រឡា, រមណីយដ្ឋានកសិទេសចរណ៍ចម្ការម្រេច, ប្រាសាទភ្នំឈ្ងោក ភ្នំកំពង់ត្រាច, សហគមន៍ទេសចរណ៍នានា វាលស្រែអំបិលជាដើម។

លទ្ធផលដែលបានកើតចេញពីអង្គសិក្ខាសាលាគឺទទួលបានធាតុចូលមួយចំនួនបន្ថែមទៀតតាមរយ:ការពិភាក្សាផ្លាស់ប្តូរយ៉ាងផុលផុសពីមន្ទីរ ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្នែកឯកជន អាជីវករ ព្រមទាំងប្រតិបត្តិករទេសចរ៕