សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់រកឃើញឃាតកសម្លាប់ម្តាយនិងកូនតូចនៅខេត្តកំពង់ស្ពឺ

ដោយ៖សុខុម

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលមកដល់ពេលនេះកំពុងតាមចាប់ជនសង្ស័យដែលយកកាំបិត កាប់ទៅលើស្ត្រីម្នាក់និងកូនតូចដែលមិនទាន់ក្តីបណ្តាលឱ្យស្លាប់នៅឡើយទេ។

ករណីផ្តាច់ពូជទាំងម្តាយនិងកូនដ៏គួរឲ្យរន្ធត់នេះបានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នៅចំណុច ភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួបក៏ត្រូវជនសង្ស័យកាប់ស្លាប់ទាំង២នាក់។ជនរងគ្រោះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះទាំងពីរនាក់ម្តាយកូនត្រូវជនសង្ស័យកាប់ស្លាប់នៅក្បែរផ្ទះ ជនរងគ្រោះ។ជនសង្ស័យក្រោយពីកាប់ពីរនាក់ម្តាយកូនស្លាប់ហើយរត់គេចខ្លួនបាត់ស្រមោល។

បើតាមការស្រាវជ្រាវបឋម ជនដៃដល់កាប់សម្លាប់ស្ត្រីវ័យក្មេងនិងកូនតូចនោះត្រូវជាបងប្អូននឹង គ្នា។

ដើមហេតុឈានដល់កាប់សម្លាប់ជនរងគ្រោះ សង្ស័យរឿងគំនុំ។ជនសង្ស័យអាចជាមនុស្សប្រើប្រាស់គ្រឿងញៀនទៀតផង។មកដល់រសៀលថ្ងៃទី២៦មិថុនានេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋកំពុងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់មិនទាន់បាននៅឡើយទេ៕