អន្តរជាតិ

មេទាហានស៊ីឈ្នួលនៅតែស្ថិតក្រោមការស៊ើបអង្កេតពីបទញុះញង់ឱ្យមានការបះបោរប្រដាប់អាវុធ

កែសម្រួល ៖ រ៉ាម៉េត

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បាននិយាយនៅថ្ងៃចន្ទទី២៦ មិថុនានេះថា ការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងលោក Yevgeny Prigozhin និងការជាប់ពាក់ព័ន្ធដែលត្រូវបានចោទប្រកាន់របស់គាត់ក្នុងការរៀបចំការបះបោរប្រដាប់អាវុធគឺនៅជាធរមាននៅឡើយ។

ប្រភពបាននិយាយថា “សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹង Prigozhin មិនបានបញ្ឈប់វាទេ។ ការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយនឹងនៅតែបន្ត” នេះបើយោងតាមព័ត៌មាន ​​TASS ។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង គឺលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ការព្រមព្រៀងគ្នាជាមួយ លោកPrigozhin ហើយការប្រកាសចោទប្រកាន់ប្រឆាំងនឹងគាត់សម្រាប់ការអំពាវនាវឱ្យមាន “ការបះបោរប្រដាប់អាវុធ” នឹងត្រូវបានដកវាចេញ។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ក៏បានអះអាងស្រដៀងគ្នាកាលពីថ្ងៃសៅរ៍ដែរថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងមេទាហានស៊ីឈ្នួល Prigozhin នឹងត្រូវទម្លាក់ចោល។ ជាមួយនឹងកងកម្លាំង Wagner របស់ Prigozhin ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះពីការទៅដល់ទីក្រុងមូស្គូ Lukashenko បាននិយាយថាគាត់បានចុះកិច្ចព្រមព្រៀងជាមួយ Prigozhin ដោយអនុញ្ញាតឱ្យគាត់ទៅប្រទេសបេឡារុស្ស ហើយមិនប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ដូចមន្រ្តីក្រុងមូស្គូបានប្រកាសនោះទេ។

ប៉ុន្តែបើទោះយ៉ាងណាក៏ដោយ ទាំង Prigozhin និងសេវាសារព័ត៌មានរបស់គាត់មិនបានបញ្ជាក់ពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងដោយសម្ងាត់នោះទេ។ លើសពីនោះទៅទៀតលោកPrigozhin ក៏មិនត្រូវបានគេប្រទះឃើញជាសាធារណៈចាប់តាំងពីការចាកចេញរបស់គាត់ពី Rostov-on-Don កាលពីយប់ថ្ងៃសៅរ៍រហូតមកដល់នឹងពេលនេះដែរ។

ផ្ទុយទៅវិញមិនតែប៉ុណ្ណោះក៏ស្រាប់តែមានព័ត៌មានដែលគាំទ្រវិមានក្រឹមឡាំងបែរជាបានផ្សព្វផ្សាយថាមេដឹកនាំក្រុមទាហ៊ានស៊ីឈ្នួលWagner រូបនោះនឹងត្រូវស្ថិតនៅក្រោមចំណាត់ការផ្លូវច្បាប់ទៅវិញ។ព័ត៌មានេះវាហាក់ដូចជាផ្ទុយទៅនឹងអ្វីដែលមន្រ្តីវិមានក្រឹមឡាំងបានប្រកាសកន្លងមកថ្មីៗនេះ៕