សេដ្ឋកិច្ច

ខេត្តស្ទឹងត្រែងចែកពូជដំឡូងមីគ្មានជំងឺនិងជីដល់សហគមន៍ចំការលើសាមគ្គីអភិវឌ្ឍន៍

ដោយ៖សុខុម

ស្ទឹងត្រែង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានចែកពូជដំឡូងមីដែលគ្មានជំងឺនិងជីកសិកម្ម ដល់សហគមន៍ចំការលើ សាមគ្គីអភិវឌ្ឍន៍ដើម្បី ពង្រីកពូជដំណាំដំឡូងមី ទើបនឹងបង្កាត់ជាលើកដំបូងឱ្យកាន់តែច្រើន ទៅដល់កសិករ ឃុំចម្ការលើនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៣។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបាននិយាយថា មន្ទីរកសិកម្មខេត្តចុះចែកពូជ ដំណាំដំឡូងមីសុទ្ធគ្មានជំងឺ និងជីកសិកម្មដល់សហគមន៍ខាងលើនេះផ្តោតជាសំខាន់បង្កើនពូជឱ្យកាន់តែច្រើនក្នុងឆ្នាំដំបូងនិងនៅឆ្នាំបន្ទាប់។ ពូជថ្មីនេះវាធន់នឹងជំងឺផ្សេងៗមកបំផ្លាញ ឬក៏ធន់ទៅនឹងអាកាសធាតុប្រែប្រួលផងដែរ។កសិករយកទៅដាំទទួលបានទន្និផលខ្ពស់។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់បន្ថែមថាពូជដំឡូងមីសុទ្ធគ្មានជំងឺនេះគេឱ្យឈ្មោះថាពូជK50។ពូជប្រភេទនេះគឺជាឆ្នាំដំបូងហើយដែលខាងមន្ទីរបង្កាត់សុទ្ធបាន យកទៅចែកជូនដល់ កសិករសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ចំនួន១០០បាច់ និងជីកសិកម្មចំនួន១តោន។

លោក ទុំ នីរ៉ូ បានបញ្ជាក់ថាដំឡូងមីប្រភេទថ្មីហើយសុទ្ធនេះ បើតាមបច្ចេកទេសក្នុង១ហិកតាដាំកូន ១ម៉ឺន២ពាន់កំណាត់។រយៈពេលទទួលផលចាប់ពី៨ទៅ១០ខែ។កសិករដាំក្នុង១ហិកតានឹងទទួលផលមិនក្រោម៣០ទៅ៥០តោនទេ។

នៅពេលជួបកសិករនៅតាមជនបទលោក ស្វាយសំអ៊ាងអភិបាលខេត្តស្ទឹងត្រែងបាន មានប្រសាសន៍ លើកទឹកចិត្តជំរុញដល់ប្រជាពលរដ្ឋ ក្រោយពីទទួលបានពូជដំណាំដំឡូងមីសុទ្ធនេះ ត្រូវយកចិត្តទុកដាក់មើលថែទាំ ពូជឱ្យបានល្អ។

នៅពេលយើងបង្កើតបានពូជកាន់តែច្រើន វានឹងចំណេញទិន្នផលដំឡូងមីកាន់តែច្រើន។ពេលនោះកសិករ ក៏ទទួលបាន ទិន្នផលដំឡូងមីខ្ពស់លក់ចំណេញ លើសពីការចំណាយ លើកស្ទួយដល់ជីវភាពគ្រួសារឱ្យកាន់តែធូរធារ។ កសិករមានជីវភាព ធូរធារសង្គម មានការអភិវឌ្ឍរីកចំរើនក៏ជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលបានមួយកម្រិតផងដែរ៕