សន្ដិសុខសង្គម

រថយន្តចុះចំណោតហ្វ្រាំងមិនស៊ីបុកដើមឈើស្លាប់ម្នាក់, ៨នាក់កំពុងសង្គ្រោះ

ដោយ៖រតនា

ព្រះសីហនុ ៖ រថយន្កមួយគ្រឿង ពេលបើកចុះចំណោតហ្វ្រាំងមិនស៊ី ជ្រុលទៅបុកដើមឈើបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៨នាក់ រីឯរថយន្ដរងការខូចខាតយ៉ាងដំណំកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្លូវចំណោតវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2A-1674 មានអ្នកជិះ៨នាក់នៅកន្ទុយខាងក្រោយបានបើកចុះពីចំណោតខាងលើភ្នំទៅក្រោម។លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែហ្វ្រាំងមិនស៊ី ក៏កាច់ចង្កូតចេញពីផ្លូវបានបុកដើមអាកាស្យាបង្កឲ្យអ្នកបើកបរឈ្មោះ ហ៊ឹម លាងហ៊ត ភេទប្រុស  អាយុ២៧ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកជិះ៨នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នករងគ្រោះទាំងអស់នោះគឺជាកម្មករអូសខ្សែភ្លើង ពួកគេសម្រាកពីការងារមានគម្រោងទៅលេងសមុទ្រ មុននឹងត្រឡប់ទៅទៅភ្នំពេញវិញ  តែជាអកុសលត្រូវជួបនឹងគ្រោះថ្នាក់បែបនេះទៅវិញ ៕