សន្ដិសុខសង្គម

ដុតម៉ូតូឱ្យឆេះរួចលោតចូលក្នុងអណ្តាតភ្លើងសម្លាប់ខ្លួន

ដោយ៖សុខុម

ព្រះវិហារ៖ បុរសម្នាក់ទំនងមានមូលហេតុអ្វីមួយ ឃើញជិះម៉ូតូសុខៗតាមផ្លូវ ក្រោយមកដុតម៉ូតូចោលឱ្យឆេះចេញជាអណ្តាតភ្លើង សន្ធោសន្ធៅរួចលោតចូលក្នុងភ្លើងកំពុងតែឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវលេខ៦២ ត្រង់ថ្នល់កោង ស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ អធិការរងនគរបាលស្រុករវៀងបានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាថា៖ មុនកើតហេតុ គេឃើញបុរសម្នាក់នោះជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខសៀមរាប1W-3736 ពីជើងទៅទិសត្បូងទំនងមកពីសៀមរាបឆ្ពោះមកក្រុងព្រះវិហារ។ ពេលមកតាមផ្លូវម៉ូតូរលត់។ បន្ទាប់មកបុរសនោះក៏បើកគំរបធុងសាំងរួចយកដែកកេះដុតម៉ូតូឱ្យឆេះយ៉ាងសន្ធោសន្ធៅហើយខ្លួនគេ ក៏លោតចូលទៅក្នុងភ្នក់ភ្លើងពេលកំពុងឆេះបណ្តាលឱ្យឆេះប្រកាច់ស្លាប់។

សមត្ថកិច្ចបានបន្តថា៖ បុរសលោតចូលក្នុងភ្លើងស្លាប់ឈ្មោះ អាន ពន្លឺ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត នៅភូមិប៉ាដាក ឃុំប៉ាដាក ស្រុកសៀមរាប ខេត្តសៀមរាប។ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលរំដោះ បានចុះពិនិត្យសពបុរសដុតសម្លាប់ខ្លួនឯង។

តាមប្រភពពីសាច់ញាតិសពបានឱ្យដឹងថា៖ កន្លងមកបុរសខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយតែងដើរនិយាយរវើរវាយពីនេះពីនោះ មិនដឹងខុសត្រូវឡើយ។ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕