សន្ដិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងពេលម្ចាស់មិននៅ បណ្តាលឲ្យខូចខាតទាំងស្រុង

ដោយ៖កំចាយ

កំពត: អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងបណ្តាលឲ្យខូចខាតទាំងស្រុងខណ:ពេលម្ចាស់ផ្ទះជាប់រវល់ការងារនៅឆ្ងាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ រ៉េប អេម ភេទប្រុស អាយុ ៦៦ឆ្នាំ ជាអនុប្រធានភូមិ និងរស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពដដែលបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា មានករណីភ្លើងឆាបឆេះផ្ទះមួយខ្នងស្ថិតក្នុងភូមិម្លិចគល់ ឃុំស្ទឹងកែវ ពេលម្ចាស់ផ្ទះនាំគ្នាធ្វើការងារនៅក្រៅ និងកូនចៅទៅរៀនអស់។ ពេលកើតហេតុភ្លាមៗ អ្នកភូមិបាននាំគ្នាបូមទឹកពន្លត់ដែរ តែអំណាចភ្លើងខ្លាំងក្លាពេកទើបផ្ទះទាំងមូលរងការឆាបឆេះខូចខាតទាំងស្រុង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា៖ មហន្តរាយនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ពោលគឺមិនពាក់ព័ន្ធនឹងករណីផ្សេងទេ។ ទោះបីមិនមាននរណាម្នាក់រងរបួសក្តី ហេតុការណ៍នោះបានបណ្តាលឲ្យទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអន្តរាយស្ទើរទាំងអស់ លើកលែងតែមាស១តម្លឹងកន្លះ និងប្លាទីន១តម្លឹងបានរកឃើញមកវិញ៕