អន្តរជាតិ

ផ្ទៃក្នុងមេដឹកនាំរុស្ស៊ីកំពុងរង្គោះរង្គើក្រោយពីប្រកាសកាត់ទោសមេទាហានស៊ីឈ្នួលWagner

ដោយ៖តុលា

លោកពូទីនបានបញ្ជាឲ្យចាប់ខ្លួនមេដឹកនាំទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលម្នាក់គឺលោក Prigozhinយកមកកាត់ទោស។មេទាហានស៊ីឈ្នួលរូបនោះរងការចោទប្រកាន់ថាបានសម្លាប់កូនចៅទាហានស៊ីឈ្នួលរបស់ខ្លួនចំនួន២ពាន់នាក់កាលពីសប្តាហ៍មុន។

ប៉ុន្តែមេទាហានស៊ីឈ្នួលលោកPrigozhinបានចោទប្រកាន់តបវិញថា រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីទេដែលជាអ្នកបញ្ជាឲ្យសម្លាប់លើទាហានស៊ីឈ្នួលទាំងអស់នោះ។

យោងតាមសេចក្តីរាយការណ៍ចុងក្រោយដោយសារព័ត៌មានអន្តរជាតិរ៉យទ័រនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីពេលនេះ ហាក់មានភាពចលាចលជាពិសេសបន្ទាប់ពីមានជម្លោះដ៏ចម្រូងចម្រាស់រវាងក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីនិងក្រុមទាហានស៊ីឈ្នួលWagner ដឹកនាំដោយលោកថៅកែ Yevgeny Prigozhin។

ការិយាល័យរបស់អគ្គព្រះរាជអាជ្ញាបានបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន “នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ថា នាយកដ្ឋានស៊ើបអង្កេតនៃ FSB នៃប្រទេសរុស្ស៊ីបានផ្តួចផ្តើមសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹង E.V. Prigozhin នៅក្រោមមាត្រា ២៧៩ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ីស្តីពីការពិតនៃការរៀបចំការបះបោរប្រដាប់អាវុធ”។ការិយាល័យបាននិយាយថា “សកម្មភាពរបស់គាត់នឹងត្រូវបានផ្តល់ការវាយតម្លៃផ្លូវច្បាប់ត្រឹមត្រូវ” “ឧក្រិដ្ឋកម្មនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១២ ទៅ ២០ឆ្នាំ” ។ បន្ថែមពីនេះសារព័ត៌មាន Interfax បាននិយាយដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានទទួលព័ត៌មានសង្ខេបអំពីការវិវត្តន៍ ហើយ “វិធានការចាំបាច់ទាំងអស់កំពុងត្រូវបានអនុវត្ត”។សន្តិសុខជាតិក៏ត្រូវបានបង្កើននៅយប់ថ្ងៃសុក្រនៅឯអគាររដ្ឋាភិបាល មធ្យោបាយដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងទីក្រុងមូស្គូ។

មេបញ្ជាការរងនៃយុទ្ធនាការអ៊ុយក្រែនរបស់រុស្ស៊ីលោកឧត្តមសេនីយ៍ Sergei Surovikin បានប្រកាសប្រាប់អ្នកប្រយុទ្ធស៊ីឈ្នួលទាំងអស់ មេត្តាចូលគោរពតាមលោកពូទីន ដើរចេញពីPrigozhin និងទទួលយកមេបញ្ជាការក្រុងម៉ូស្គូ ហើយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេជាបន្ទាន់។ លោកបាននិយាយថា ការធ្លាក់ចុះផ្នែកនយោបាយនឹងធ្លាក់ចូលក្នុងកណ្តាប់ដៃខ្មាំង។ លោកSurovikin បាននិយាយក្នុងវីដេអូមួយដែលបានបង្ហោះលើ Telegram ដោយដៃស្តាំរបស់គាត់ដាក់លើកាំភ្លើងថា៖ “ខ្ញុំសុំឲ្យអ្នកឈប់ជាបន្ទាន់”។

ដោយឡែកងាកមក Prigozhin វិញនៅក្នុងសារជាសំឡេងនៅពេលល្ងាចថ្ងៃដដែលថ្ងៃសុក្រ នៅលើប៉ុស្តិ៍ Telegram ផ្លូវការរបស់គាត់ គាត់បានលាតត្រដាងដោយកំហឹងមិនសុខចិត្ត និងចោទប្រកាន់ក្រសួងការពាជាតិរុស្ស៊ីជុំវិញការវាយប្រហារដោយមីស៊ីលសម្លាប់សមាជិកទាហានស៊ីឈ្នួលរបស់គាត់២០០០នាក់”។ Prigozhinខឹងណាស់ដោយថា“រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីថែមទាំងបានបញ្ជាឱ្យលាក់បំបិទសាកសពចំនួន ២០០០នាក់នោះផងដែរ ដោយមិនអនុញ្ញាតឲ្យបង្ហាញជាសាធារណៈទេ”។ សម្រង់សំដី “អ្នកដែលបំផ្លាញកូនចៅយើង បំផ្លាញជីវិតទាហានរុស្សីរាប់ម៉ឺននាក់ នឹងត្រូវទទួលទោស”។

និយាយបន្ថែមដោយហាក់ដូចជាចង់កំញើញទៅកាន់ប្រទេសរុស្ស៊ី Prigozhin ថាលោកនឹងប្រើកម្លាំងទ័ពស៊ីឈ្នួលដែលមានចំនួន ២៥០០០ នាក់ ចាត់ការលើរចនាសម្ព័ន្ធអង្គភាពការពាររុស្ស៊ី។ លោកថា សកម្មភាពនេះមិនមែនជារដ្ឋប្រហារយោធាទេ ប៉ុន្តែយោធាច្រើនណាស់ដែលគាំទ្រនឹងចលនានេះគំនិតនេះ។

ការប្រឈមមុខដាក់គ្នាចុងក្រោយហាក់ខ្លាំងសម្បើមមិនធ្លាប់មាន ដែលមើលទៅដូចជាវិបត្តិផ្ទៃក្នុងរបស់រុស្ស៊ីដ៏ធំបំផុត ដែលវិមានក្រឹមឡាំងបានជួបប្រទះចាប់តាំងបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក។

សូមបញ្ជាក់ថា មេទាហានស៊ីឈ្នួលលោកPrigozhin ដែលលោកពូទីនប្រកាសឲ្យចាប់ខ្លួនដើម្បីយកប្រគល់ឲ្យតុលាការកាត់ទោសពីបទបះបោរនោះ កន្លងមកគឺជាមនុស្សដែលជិតស្និទ្ធបំផុតជាមួយនឹងលោកពូទីន រហូតដល់ថ្នាក់គេផ្តល់រហស្សនាមឲ្យគាត់ថា ជាចុងភៅពិសេសរបស់លោកពូទីនថែមទៀតផង៕

ប្រភព៖ REUTERS