សេដ្ឋកិច្ច

បង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែងដើម្បីពង្រឹងគុណភាពនាំចេញ

ដោយ៖សុខុម

ស្ទឹងត្រែង៖ អ្នកដាំកៅស៊ូជាលក្ខណៈគ្រួសារ ជាច្រើននៅខេត្តស្ទឹងត្រែងបានរួមគ្នាបង្កើតជាសហគមន៍មួយធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពនាំចេញកៅស៊ូស្ទឹងត្រែងឱ្យមានប្រសិទ្ធភាពខ្ពស់ទៅកាន់ទីផ្សារក្រៅប្រទេស។

គោលបំណងសំខាន់នៃការបង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែងនេះគឺសំដៅជំរុញដល់កសិករ ដែលមានចម្ការកៅស៊ូ ទាំងអស់ចូលជាសមាជិកដើម្បីងាយស្រួលទទួលបានវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះ ថែរទាំរក្សាដំណាំកៅស៊ូ ជ្រើសរើសពូជកៅស៊ូឱ្យត្រូវនឹងស្ថានភាពដីជាក់ស្តែង។

លោកសៀ ហេង ប្រធានសហគមន៍ កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែងបានបញ្ជាក់នៅក្នុងពិធីប្រកាសបើកសហគមន៍នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ថា អ្នកដែលចូលជាមាជិករបស់សហគមន៍នឹងទទួលបានផលប្រយោជន៍ជាច្រើន។ ក្នុងនោះមានដូចជាអាចទទួលបានចំណេះដឹងតាមរយៈការបង្ហាត់បង្រៀនពីមន្ត្រីជំនាញកសិកម្មស្តីពីបច្ចេកទេសដាំដុះ  ថែទាំ  ប្រើប្រាស់ពូជ  ការប្រមូលបានទិន្នផលខ្ពស់។ជាមួយនោះគឺទទួលបានទីផ្សារល្អ ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល ដែលជាអ្នកក្រឡុកតម្លៃ។រីឯ ប្រាក់ចំណេញពីការលក់ យើងយកមកចែកគ្នា  ហើយមួយចំណែកទៀតយកទៅប្រើប្រាស់ផ្នែករដ្ឋបាលរបស់សហគមន៍។ លើសពីនោះទៀត គឺទិញផលិតផលកសិកម្មពីក្រុមហ៊ុនផ្សេងៗ ដូចជាជី ចានកៅស៊ូ និងឧបករណ៍កៅស៊ូផ្សេងៗទៀត បានក្នុងតម្លៃថោក  ហើយយើងបានបង់ពន្ធជូនរដ្ឋ  ធ្វើឱ្យរដ្ឋមានប្រាក់ចំណូលពីការលក់ចេញកៅស៊ូរបស់យើង មិនដូចឈ្មួញកណ្តាលគេអាចគេចពន្ធ ធ្វើឱ្យបាត់ចំណូលចូលរដ្ឋទេ ។

លោកសៀ ហេងបានឱ្យដឹងទៀតថា រហូតមកដលពេលនេះសហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែង ទើបតែទទួលបានសមាជិក១៥នាក់ទេ ហើយអំពាវនាវដល់អ្នកដាំកៅស៊ូលក្ខណៈគ្រួសារមកចូលរួមបន្ថែមទៀត។

លោក ឡូយ សុផាត តំណាងរាស្ត្របានមានប្រសាសន៍ថា មានតែការបង្កើតជាសហគមន៍ទេ ទើបកសិករយើង មានឱកាសប្រកួតប្រជែង មុខទំនិញទៅលក់លើទីផ្សារអន្តរជាតិបាន។

សំខាន់ជាងនេះទៀតកសិករអាចទទួលបានចំណេះដឹងលើវិស័យកសិកម្មបន្ថែម តាមរយ: ការបណ្តុះបណ្តាលច្បាស់លាស់ ពីមន្ត្រីជំនាញផ្នែកកសិកម្ម បង្រៀនបច្ចេកទេសដាំដុះ ការថែទាំដំណាំ ការប្រើប្រាស់ថ្នាំកសិកម្មឱ្យស្របទៅនឹងស្ថានភាពដីថែមទៀតផង៕