ព័ត៌មានជាតិ

និស្សិតសាកលវិទ្យាល័យន័រតុន ចុះទស្សនកិច្ចសិក្សាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

ដោយ៖ យី សុថា

សៀមរាប៖ សាកលវិទ្យាល័យន័រតុន បានដឹកនាំនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤ ចំនួន២៣០នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឈ្វេងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន៖ ឥណ្ឌា, កម្ពុជា, ថៃ, ឡាវ, ភូមា និងវៀតណាម។

រូបភាព៖លោក ភោគ ជា

សាស្ត្រាចារ្យ គាត តូប៊ី មកពីសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានចូលរួមដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សាបានឱ្យដឹងថា៖ ការមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ទូទៅ មានដូចជាសារមន្ទីរ អគារសាធារណៈជាដើម ជាពិសេស ទីតាំងនេះ ជាសារមន្ទីរមួយដែលបានដាក់តាំងនូវសម្លៀកបំពាក់សមុច្ច័យមកពីប្រទេសចំនួន៦ផ្សេងគ្នា ដែលបានធ្វើឱ្យលោកចាប់អារម្មណ៍ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗតាមដងទន្លេមេគង្គ។ សាស្ត្រចារ្យរូបនេះបន្តទៀតថា៖ និស្សិតស្ថាបត្យកម្ម ត្រូវសិក្សាឈ្វេងយល់ឱ្យបានទូលំទូលាយគ្រប់ទម្រង់ ព្រោះពេលនិស្សិតសិក្សាគម្រោងត្រូវយល់ដឹងឱ្យបានច្រើនពីសារមន្ទីរ ដែលទាក់ទងនឹងវប្បធម៌ ទាក់ទងនឹងសម្លៀកបំពាក់ ហើយក៏ត្រូវយល់ដឹងពីចរិតលក្ខណៈនៃការដាក់តាំងដែរ។ និស្សិតគួរយល់ដឹងពីមុខងារនៃលំហនៃការតាំង យល់ពីគំនិតនៃបង្កើតសារមន្ទីរ បុព្វហេតុនៃការកកើតសារមន្ទីរ។ល។

រូបភាព៖លោក ភោគ ជា

កញ្ញា ឃាង ហ៊ុយសៀង និស្សិតសាកលវិទ្យាល័យន័រតុនឆ្នាំទី៤ សិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានឱ្យដឹងក្រោយពីបានសិក្សាឈ្វេងយល់អំពីការតាំងពិព័រណ៌ផលិតផលសូត្រ និងសម្ភារតម្បាញទាំង៦ប្រទេសរួចមកថា៖ សារមន្ទីរនេះ ជាចំណែកមួយក្នុងការថែរក្សានូវវប្បធម៌ ដែលជាស្នាដៃបុព្វបុរស ដែលបានបន្សល់ទុកនូវវិធីសាស្រ្តផលិតសូត្រ និងឧបករណ៍តម្បាញជាច្រើនយ៉ាងសំបូរបែប។ កញ្ញាមានប្រសាសន៍ទៀតថា៖ ទស្សនកិច្ចសិក្សានេះ មានសារសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដូចជា បច្ចេកទេសនៃការសាងសង់អគារ ការរៀបចំតាំងពិព័រណ៍ ដែលអាចយកជាគំរូបាន និងក៏ជាគន្លឹះមួយសម្រាប់ការធ្វើនិក្ខេបបទបញ្ចប់ការសិក្សានៅឆ្នាំខាងមុខ រួមទាំងការធ្វើការដោយមានប្រសិទ្ធភាពខ្ពស់។

​រូបភាព៖លោក ភោគ ជា

សូមបញ្ជាក់ថា៖  រយៈពេល៣ថ្ងៃនេះនៃការចុះទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យន័រតុននៅក្នុងខេត្តសៀមរាប ក្រៅពីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និស្សិតមកពីសកលវិទ្យាល័យន័រតុន ក៏បានទៅទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតនៃប្រាសាទអង្គរវត្ត ព្រមទាំងជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងស្តាប់អនុសាសន៍អំពីការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោកអង្គរផងដែរ៕

រូបភាព៖លោក ភោគ ជា