សន្ដិសុខសង្គម

ឃាត់រថយន្តដឹកសត្វរស់និងងាប់ទម្ងន់៥តោនចូលពីវៀតណាមមកចែកចាយនៅភ្នំពេញ

ដោយ៖សុខុម

តាកែវ៖ សមត្ថកិច្ចជំនាញឃាត់បានរថយន្តដឹកសាច់និងសត្វរស់ទម្ងន់៥.០០០គីឡូក្រាម  ដែលនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងនឹងបន្តចែកចាយនៅលើទីផ្សារក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣។

ប្រភពព័ត៌មានពីមន្រ្តីចុះបង្រ្កាប បានឱ្យដឹងថា៖ ក្រោយពីទទួលបានសេចក្តីរាយការណ៍មានរថយន្តដឹកបទល្មើសនាំចូលពីប្រទេសជិតខាង ដោយខុសច្បាប់។ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបញ្ជាឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿងម៉ាកHYUNDAI នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។

នៅពេលចុះឃាត់រថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ផ្លាកលេខកំពត3A-1882មន្រ្តីជំនាញរកឃើញមាន់រស់ចំនួន ៣៧០ក្បាល សត្វទន្សាយ ១៥០ក្បាល ជើងជ្រូក ១៦៨កេស ស្មើនឹង៣៣៦០គីឡូក្រាម ពោះវៀនជ្រូកចំនួន ១១៤០គីឡូក្រាម ស្លាបមាន់ ៥០០គីឡូក្រាម ជើងជ្រូកបង្កក,ពោះវៀនជ្រូកបង្កកនិងស្លាបមាន់បង្កកសរុបចំនួន៥.០០០គីឡូក្រាម(០៥តោន)នៅលើរថយន្តនោះ។

ក្រោយពីឃាត់រថយន្តនោះមក ក្រុមការងារក៏បាននាំយកវត្ថុតាងបទល្មើសខាងលើទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕