ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ

​ដោយៈសុភក្រ្តា
​កោះកុង​៖អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ការប្រកួតប្រជែង និង​ប្រឆាំង​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ យុវជន និង​កីឡា សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ស្រា​ប្រៀរ អង្គរ​)​កាលពី​ថ្ងៃទី​២១​ខែមិថុនា​បានរួម​គ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ ក្រោម​សារ «​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​!»​​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​និង​អប់រំ​អ្នកប្រើប្រាស់​អំពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុស​ត្រូវ​​ក៏ដូចជា​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​របស់​អ្នកប្រើប្រាស់ ដោយ​ចាប់ផ្តើម​ពី​ពិសា​គ្រឿង​ស្រវឹង​ហើយ​មិនត្រូវ​បើកបរ។

​យុទ្ធនាការ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា លោក នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក Vladimir Vava អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ សាន់ & ម៉ូ​ន រី​វើ​សាយ ភ្នំពេញ ដោយមាន​អ្នកចូលរួម​ជាង ១០០ នាក់ មកពី​វិស័យ​ផ្សេងៗ មាន​ទាំង​វិស័យ​សាធារណៈ ឯកជន សមាគម​ពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផលិតស្រាបៀរ ក្រុមហ៊ុន​ដឹកជញ្ជូន និង​យុវជន ក៏ដូចជា​អ្នកបើកបរ​រ៉ឺម៉ក​កង់​បី ជាដើម​។​

​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ថ្ងៃ​សក្ខីកម្ម​នៃ​ការចាប់ផ្តើម​យុទ្ធនាការ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បន្ទរ និង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​គោលដៅ​នៃ​យុទ្ធនាការ និង​ប្រកាស​ស្វែងរក​ដៃគូ​បន្ថែម ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ឆ្ពោះ​កាន់ «​គ្មាន​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​»​ព្រោះថា​យើង​ម្នាក់ៗ​សុទ្ធតែជា​អ្នកដឹកនាំ​ដ៏​សំខាន់ ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ឲ្យ​សង្គម​របស់​យើង​កាន់តែ​ប្រសើរ​។ បន្ទាប់ពី​ពិធី​ប្រកាស​យុទ្ធនាការ​នេះ​ជា​ផ្លូវការ វីដេអូ និង​សារ​អប់រំ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកប្រើប្រាស់​អំពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ទទួលខុសត្រូវ នឹង​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​របស់ ខេ​ម​ប្រ៊ូ​វ​ក៏ដូចជា​ចែករំលែក​នៅលើ​ទំព័រ​ដៃគូ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​។

​លោក Vladimir Vava អគ្គនាយក​គ្រប់គ្រង ខេ​ម​ប្រ៊ូ​វ​បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​លោក​ជឿថា​គ្រឿង​ស្រវឹង​នៅពេល​ទទួលទាន​ក្នុង​កម្រិត​សមស្រប​ប្រកបដោយ​ការទទួលខុសត្រូវ អាចជា​ផ្នែក​មួយ​នៃ​បែបផែន​ជីវិត​រស់នៅក្នុង​សង្គម​ដ៏​មាន​តុល្យភាព​រវាង​សុខភាព និង​ទំនាក់ទំនង ក៏ដូចជា​ចូលរួម​រិត​ចំណងមិត្តភាព​កាន់តែ​រីករាយ​។ លោក​បាន​បន្តទៀត «​ទោះជា​យ៉ាងណា ការ​ពិសា​ដោយ​គ្មាន​ទំនួល​ខុសត្រូវ អាច​ប្រែក្លាយ​ពេលវេលា​វិជ្ជមាន​ទាំងនោះ​ទៅជា​ចំណុច​អវិជ្ជមាន​ទៅវិញ​។ ពី ខេ​ម​ប្រ៊ូ​វ ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​មួយ យើង​ចង់ឃើញ​អ្នកប្រើប្រាស់​រីករាយ​ពិសា​គ្រឿង​ស្រវឹង ក្នុង​កម្រិត​សមស្រប និង​ដឹកនាំ​ភាពជា​គំរូ​លើ​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​»​។​

​លោក​បាន​បន្ថែមថា «​ជា​កិច្ចការ​មួយ​របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ ដែល​ត្រូវធ្វើ ក្នុងការ​ផ្តល់ព័ត៌មាន​ជូន​ដល់​អ្នកប្រើប្រាស់​អំពី​ការទទួល​ទាន​ដោយ​ការទទួលខុសត្រូវ ដោយ​មិន​ត្រឹមតែ​អំពី​ការ​ពិសា​ក្នុង​កម្រិត​សមស្រប​ដើម្បី​បង្កើន​ទំនាក់ទំនង និង​ភាពសប្បាយ​រីករាយ​រាល់ពេល​ជួបជុំ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ណែនាំ​សា​ធា​រៈ​ជន​ឲ្យ​បាន​យល់ដឹង​ពី​កម្រិត​ដែល​គួរ​ទទួលទាន​ពេលវេលា​កាលៈទេសៈ​ដែល​គួរ​ទទួលទាន​ដឹង​ពី​កម្រិត​ជាតិ​អាល់កុល​របស់​យើង​ហាមឃាត់​ចំពោះ​អ្នក​មិនទាន់​គ្រប់​អាយុ​ទទួលទាន និង​ស្ត្រី​មាន​ផ្ទៃពោះ ក៏ដូចជា​ផ្តល់​ជា​ដំណោះស្រាយ និង​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ មុនពេល​ទទួលទាន ពោលគឺ ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​»​។

​លោក នួន ផា​រ័ត្ន អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ និង​បាន​មានប្រសាសន៍ថា គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​រួម​ជា​ប្រយោជន៍​និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​ទាក់ទង​នឹង​ការ​ពិសា​គ្រឿង​ស្រវឹង ជាពិសេស​ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ លោក​ក៏បាន​បន្ថែមថា​«​យើង​ចង់ឃើញ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ទាំងអស​រួមគ្នា​ជាមួយ​រាជ រដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ក៏ដូចជា​ចូលរួម​ឲ្យ​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​។ យើង​ត្រូវ​រួមគ្នា​ក្នុង​គោលបំណង​តែមួយ គឺ​ដើម្បី​ប្រយោជន៍​សង្គមជាតិ​យើង​ទាំងមូល​»​។​

​លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​សម្តែង​នូវ​ការ​សាទរ និង​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ ដែល​ផ្តោតលើ​ការអប់រំ​ព្រោះ​ជា​មូលដ្ឋាន គ្រឹះ​នៃ​ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​។​យុទ្ធនាការ​នេះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។​សម្រាប់​ទស្សនៈ​របស់លោក​ផ្ទាល់​លោក​ជឿថា​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ​ដល់​យុវជន​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ឯកឧត្តម​មានជំនឿថា យុវជន​នឹងចូលរួម​ជួយ​បន្ទរ និង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​។​

​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏បាន​បញ្ជាក់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​នេះ​។ លោក បាន​ថ្លែងថា «​ផ្អែកលើ​ការយល់ឃើញ​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​អាច​មើលឃើញថា​ប្រជាជន​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​កំពុងអភិវឌ្ឍន៍ កំពុង​ប្រើប្រាស់​គ្រឿង​ស្រវឹង តែ​ឥរិយាបថ ឬ​របៀប​នៃ​ការទទួល​ទាន​របស់​អ្នកប្រើប្រាស់ អាស្រ័យ​លើ​ចំណេះដឹង និង​ការអប់រំ​ក្នុងប្រទេស​នោះ​។ បច្ចុប្បន្ន យើង​បាន និង​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​ប្រជាជន​របស់​យើង មាន​កម្រិត​ការយល់ដឹង​ខ្ពស់​ពី​ឥរិយាបថនិង​របៀប​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដោយ​ត្រឹមត្រូវ និង​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ថ្ងៃនេះ ការចាប់ផ្តើម​យុទ្ធនា ការ ពិសា​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុសត្រូវ កំពុង​ដើរ​លើ​វិធីសាស្ត្រ​ដ៏​ត្រូវ និង​ស្របតាម​របៀបវារៈ​រប​ស់​រដ្ឋាភិបាល ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​។ ឯកឧត្តម ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ក​.​ប​.​ប បាន​កំពុងធ្វើការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជាមួយ​វិស័យ​ឯកជន ក្នុងការ​រៀបចំ​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ការកំណត់​អាយុ​អប្បរ​មា​អ្នក​ដែល​អាច​ជាវ និង​ប្រើប្រាស់​គ្រឿង​ស្រវឹង ក្នុង​គោលបំណង​ការពារ​យុវជន​មិនទាន់​គ្រប់​អាយុ​ទទួលទាន​។

​លោក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​បសាទរ​និង​ផ្តល់​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​ជានិច្ច​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​ដែលមាន​គោលដៅ​រួម​គឺ​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ប្រកបដោយ​ភាពស្វាហាប់​។​ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ​វ​បាន​បញ្ជាក់ថា​«​គ្មាន​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​គ្មាន​ការទទួលខុសត្រូវ​»​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ខ្លួន ដែលមាន​ទាំង​គោលដៅ និង​ផែនការ​សកម្មភាព​ជាក់លាក់ និង​ជា​ផ្នែក​នៃ​គោលបំណង​និរន្តរភាព​របស់​ក្រុមហ៊ុន​គឺ «​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ ទាំង​ថ្ងៃនេះ &​ថ្ងៃស្អែក​»​។ ក្រុមហ៊ុន​ក៏បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​កិច្ចសហការ ការជួយ​ជ្រោ​ម​ជ្រែក និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល អតិថិជន​អ្នកប្រើប្រាស់ និង​ការចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​នានា​នៃ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ប្រកបដោយ​ភាព​វិជ្ជមាន​។ ហើយ​ខណៈ​ពេលនេះ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ ក៏​កំពុង​ស្វែងរក​ដៃគូ​បន្ថែមទៀត ដើម្បី​ចូលរួម​ដំណើរ​ជាមួយគ្នា​ឆ្ពោះទៅកាន់​អនាគត​ដ៏​ល្អប្រសើរ​រួមគ្នា​៕