សន្ដិសុខសង្គម

រដ្ឋបាលព្រៃឈើព្រមានចាត់ការផ្លូវច្បាប់ដល់អ្នកចង់បំផ្លាញនិងយកដីសហគមន៍ភ្នំប្រជុំមិត្ត

ដោយ៖សុខុម

ស្ទឹងត្រែង៖ ក្រោយពីបោះបង្គោលព្រំការពារព្រៃសហគមន៍រាប់សិបបង្គោលរួចរាល់ហើយ មន្រ្តីរដ្ឋបាលព្រៃឈើបានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់អ្នកចង់បំផ្លាញនិងចង់បានដីព្រៃសហគមន៍ភ្នំប្រជុំមិត្ត នៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមិនលើកលែង។

វិធានការដ៏ម៉ឺងម៉ាត់នេះ គឺបន្ទាប់ពីគណៈកម្មការសហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត ចុះទៅបោះបង្គោលព្រំបានចំនួន២០០បង្គោលនៃផ្ទៃដីសហគមន៍ ៣.២៥៣ហិកតា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បាននិយាយឱ្យដឹងថា៖ គោលបំណងបោះបង្គោលព្រំ គឺដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់បានស្គាល់ព្រំដីព្រៃសហគមន៍។ ងាយស្រួលក្នុងការគ្រប់គ្រងទប់ស្កាត់បទល្មើសព្រៃឈើ និងជៀសវាងទំនាស់ រវាងអ្នកជាប់ព្រំប្រទល់ព្រៃសហគមន៍ផង។

ផ្ទុយពីនេះ មន្រ្តីរដ្ឋបាលព្រៃឈើក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងមូលដ្ឋាន រួមគ្នាថែរក្សាការពារព្រៃសហគមន៍ដើម្បីផលប្រយោជន៍រួមទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា៖ ការបោះបង្គោលព្រំដីព្រៃសហគមន៍ប្រជុំមិត្តនេះក៏មានការឧបត្ថម្ភគាំទ្រពីអង្គការ រីខូស សម្របសម្រួលល្អពីលោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើលោក ទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ និងសមត្ថកិច្ចអាជ្ញាធរភូមិឃុំ៕