សន្ដិសុខសង្គម

ប្រជាពលរដ្ឋព័ទ្ធចាប់តៃកុងរថយន្តកុងតឺន័រ កិនអ្នកជិះម៉ូតូស្លាប់ប្រគល់ឱ្យទៅសមត្ថកិច្ច

ដោយ៖សុខុម

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនជ្រុល បុកចំពីមុខម៉ូតូពេញទំហឹង រួចកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមមួយរំពេច នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ត្រង់ចំណុចទល់មុខ នឹងក្រុមហ៊ុនស្រាបៀរ Heineken ហើយអ្នកបើករថយន្តបង្កក៏ត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ ប្រគល់ឱ្យ​នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះជិះម៉ូតូមាន ឈ្មោះ  ពូន  សាមគ្គី  ភេទប្រុស  អាយុ ២៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅភូមិចុងព្រែក ១  សង្កាត់ ព្រែក ឯង  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ស លាយបៃតង មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល1W.1116 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនឹងក្រុមហ៊ុនស្រាបៀរ Heineken ស្រាប់តែមាន រថយន្តកុងតឺន័រ របស់ផែ ស្ងួត សុកន មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3A.8056 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន។ រថយន្តមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទំនងបុកចំពីមុខម៉ូតូជនគ្រោះរួចកិនពីលើម៉ូតូនិងជនរងគ្រោះជាប់នៅខាងក្រោមអូសទៅមុខជាច្រើនម៉ែត្រទើបឈប់ ។

ភ្លាមនោះដែរតៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ចដឹកយក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកឯងបាត់។ ភ្លាមនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណអ្នកបើករថយន្តនៅឡើយទេ។ រថយន្តនិងម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។

ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិ៕