អន្តរជាតិ

នាវាចម្បាំងរបស់អាម៉េរិកនឹងមកដល់វៀតណាមនៅថ្ងៃអាទិត្យ

ដោយ៖តុលា

នាវាចម្បាំងយក្សអាម៉េរិកដើរដោយថាមពលនុយក្លេអ៊ែរ នឹងមកដល់កំពង់ផែប្រទេសវៀតណាមនៅថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រនៅអាស៊ី  អាគ្នេយ៍។

នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាម៉េរិកឈ្មោះ Ronald Reagan នឹងឈប់នៅកំពង់ផែ Danang ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យទី២៥ ខែ មិថុនា ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយក្នុងនាមជាកងជើងទឹកកំពូលអាម៉េរិកមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលភាពតានតឹងជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងនៅតែកើនឡើងខ្ពស់។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយ ត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ នាវានេះនឹងមកដល់នៅរសៀលថ្ងៃអាទិត្យ ហើយស្នាក់នៅទីក្រុង Danang រហូតដល់ថ្ងៃទី 30 ខែមិថុនា តែព័ត៌មានលម្អិតមកមានការងារអ្វី អ្នកនាំពាក្យមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយរបស់រ៉យទ័រនោះទេ។

ដំណើរ​ទស្សនកិច្ច​របស់​នាវា USS Ronald Reagan មកអាស៊ីអាគ្នេយ៍គឺជាការមកដល់កម្រ តែក៏ជា​លើក​ទី​បីដែរ​ហើយសម្រាប់​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាម៉េរិក​ចាប់​តាំង​ពី​បញ្ចប់​សង្រ្គាម​វៀតណាម។ នាវាអាម៉េរិក USS Theodore Roosevelt បានឈប់នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ដើម្បីប្រារព្ធខួប ២៥ ឆ្នាំចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់នៅឆ្នាំ ១៩៧៥ ។

នៅឆ្នាំនេះផងដែរ ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងផ្លូវការរបស់ខ្លួនជាមួយវៀតណាម ចំពេលមានជម្លោះជាញឹកញាប់របស់ទីក្រុងហាណូយជាមួយទីក្រុងប៉េកាំងអំពីព្រំដែននៅសមុទ្រចិនខាងត្បូង ទាំងដែលប្រទេសចិនបានទាមទារដែនទឹកស្ទើរតែទាំងស្រុង រួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងប្រទេសដទៃទៀតនៅក្នុងតំបន់៕

ប្រភព៖ REUTERS