អន្តរជាតិ

ចិនរកឃើញអាហារដ៏ឆ្ងាញ់នៅក្នុងដីមានអាយុកាល២,០០០ឆ្នាំ

ដោយ៖ប្រសិទ្ធ

អាហារដែលមានរស់ជាតិឆ្ងាញ់ហៅថា Zongzi មានអាយុកាលជាង ២,០០០ឆ្នាំមុន ត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណមួយ ចំកណ្តាលប្រទេសចិន។

យោងតាមវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យា ខេត្ត Henan បានឲ្យដឹងថា មានមុខម្ហូបអាហារប្រពៃណីចិនហៅថា Zongzi មានអាយុកាលជាង ២,០០០ ឆ្នាំមុន ត្រូវបានរកឃើញនៅក្នុងផ្នូរបុរាណមួយ ក្នុងតំបន់ Xinyang ខេត្ត Henan។ អាហារប្រពៃណីចិនហៅថា Zongzi មានរាងដូចពីរ៉ាមីត វាត្រូវបានធ្វើចេញពីអង្ករដំណើបដែលមានគ្រឿងផ្សំផ្សេងៗគ្នា រុំដោយស្លឹកឫស្សី ឬស្លឹកត្រែង។ អាហារនេះប្រជាជនចិនតែងតែបរិភោគវា នៅក្នុងពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ។

ផ្នូរ​ដែល​គេប្រទះ​ឃើញនេះ​​ជា​កម្មសិទ្ធិ​របស់​រាជវង្សបុរាណ​ Chu កសាងឡើងនៅក្នុង​សម័យ​សង្រ្គាម ចន្លោះពីឆ្នាំ ២២១ មុនគ.ស ដល់ឆ្នាំ ៤៧៥ មុនគ.ស។ បើយោងតាមអ្នកបុរាណវត្ថុវិទូ បានឲ្យដឹងថា នំខាងលើនេះស្រដៀងគ្នាទៅនឹង zongzi ចំនួន ៤០ដុំ ដែលធ្វើពីគ្រាប់ធញ្ញជាតិ ដោយគេរកឃើញនៅក្នុងផ្នូរទាំងមូល ជាមួយនឹងបំណែកខ្លះទៀតដែលខ្ចាត់ខ្ចាយក្នុងផ្នូរ។

ដុំនីមួយៗមានអង្កត់ផ្ចិតប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ ត្រូវបានរុំដោយស្លឹកឫស្សី ឬស្លឹកត្រែង ហើយចងខ្សែបានយ៉ាងល្អ និងស្រស់ស្អាត។

តាមរយៈប្រើមីក្រូទស្សន៍ អ្នកបុរាណវត្ថុវិទូបានរកឃើញថា ៣៩ដុំ ក្នុងចំណោម ៤០ដុំ ត្រូវបានវេចខ្ចប់ដោយអង្ករឆៅដែលនៅមានជាប់អង្កាមខ្លះៗ ហើយមួយទៀតដាក់លាយជាមួយនឹងមីមួយប្រភេទ។ រុក្ខជាតិដែលយកស្លឹកវាមករុំគឺជាស្លឹក Quercus ដែលជាទំនៀមទម្លាប់បច្ចុប្បន្ន ត្រូវបានអនុវត្តនៅភាគខាងលិច និងភាគខាងត្បូងនៃខេត្ត Henan គេវេចខ្ចប់ Zongzi ជាមួយស្លឹក Quercus ។

គួរំលឹកថា ការប្រារពពិធីបុណ្យអុំទូក ឬហៅថា ពិធីបុណ្យ Duanwu ត្រូវបានចិនប្រារព្ធឡើងនៅថ្ងៃទី ៥ ខែឧសភា ជារៀងរាល់ឆ្នាំ តាមប្រតិទិនចន្ទគតិរបស់ចិន៕