អន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញបំណែកនាវាមុជទឹកហើយតែមនុស្ស៥នាក់បានស្លាប់ទាំងអស់

ដោយ៖តុលា

នៅទីបំផុតការស្វែងរកនាវាមុជទឹកដែលមានមនុស្ស៥នាក់បាត់នៅក្នុងមហាសមុទ្រអត្លង់ទិកជាច្រើនថ្ងៃមកហើយនោះ គេបានរកឃើញបំណែករបស់វានៅជិតខ្មោចនាវាមុជទឹកទីតានិក រីឯអ្នកជិះទាំង៥នាក់បានស្លាប់ទាំងអស់។

បន្រ្តីឆ្មាំឆ្នេរសមុទ្រអាមេរិកព្រមទាំងក្រុមហ៊ុនម៉ៅការធានារ៉ាប់រងបានចេញមុខបញ្ញាក់ជាផ្លូវការថា អភិជនទាំង៥នាក់ដែលធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកនោះបានចែកឋានហើយតែនៅមិនទាន់បានរកឃើញសាកសពនោះទេ។

បណ្តាញសារព័ត៌មានធំៗនៅក្នុងពិភពលោកជាច្រើនបានចុះផ្សាយនៅទៀបភ្លឺព្រឹកថ្ងៃសុក្រទី ២៣ ខែមិថុនា ឆ្នាំ២០២៣ថា នាវាមុជទឹក Titan របស់ក្រុមហ៊ុនអាមេរិក OceanGateគឺវាបានជួបឧប្បត្តិហេតុផ្ទុះបែកទំនងជាដោយសារសម្ពាធទឹកសមុទ្រនៅជិតតំបន់សាកសពកប៉ាល់ទីតានិកដែលលិចកាលពីជាង១០០ឆ្នាំនោះ។

ឧត្តមនាវីឯក John Mauger បានបញ្ជាក់ថា បំណែកតូចធំចំនួន ៥ នៃកប៉ាល់ដែលបាត់នោះ ត្រូវបានរកឃើញនៅចម្ងាយប្រហែល ១៦០០ហ្វីតស្មើនឹងប្រហែលជិត ៥០០ម៉ែត្រ ពីគ្រោងឆ្អឹងនៃកប៉ាល់ទីតានិកដែលមានជម្រៅចុះទៅក្រោមប្រហែលជាជាង៣គីឡូម៉ែត្រពីផ្ទៃទឹកសមុទ្រ។

ក្រុមហ៊ុន OceanGate បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនិងបានប្រាប់ទៅកាន់សារព័ត៌មានស៊ីអិនអិនថា អ្នកដំណើរទាំង៥នាក់ រួមមាន មហាសេដ្ឋីចក្រភពអង់គ្លេស Hamish Harding, អ្នកនិពន្ធបារាំង Paul-Henri Nargeolet, អ្នកជំនួញប៉ាគីស្ថាន Shahzada និងកូនប្រុសរបស់គាត់ឈ្មោះ Suleman Dawood អាយុ១៩ឆ្នាំ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុននាវាមជទឹកគឺលោក Stockton Rush បានទទួលមរណភាពអស់ហើយ។

ជុំវិញសោកនាដកម្មដ៏អាក្រក់ពិសេសចំពោះក្រុមគ្រួសារអ្នកដំណើររងគ្រោះបានសំដែងក្តីក្រៀមក្រំយ៉ាងខ្លាំង និងបញ្ចេញការកើតទុក្ខមិនសុខចិត្តចំពោះក្រុមហ៊ុន ដែលធ្វើការយឺតយ៉ាវ ពន្យារពេលទុកយូររហូតដល់ជិត ១០ម៉ោងក្នុងការជូនដំណឹងទៅអាជ្ញាធរ ក្រោយបាត់ការទាក់ទងភ្លាមៗតាំងពីថ្ងៃអាទិត្យមក។

ទោះជាយ៉ាងណា ដូចដែលបានដឹងរួចមកហើយថា ដំណើរជិះនាវាមុជទឹកក្នុងម្នាក់ ២៥ម៉ឺនដុល្លារចុះទៅមើលខ្មោចកប៉ាល់ទីតានិកនេះ គឺសុទ្ធតែតម្រូវឲ្យមានការយល់ព្រមព្រៀងគ្នាពីម្ចាស់សាមីខ្លួនជាអ្នកដំណើរ ក្នុងការធានាខុសត្រូវបើករណីនាវាមានបញ្ហាបាត់ខ្លួន ឬគ្រោះចៃដន្យណាមួយត្រូវចេញសំណង។

សូមរំលឹកថា នាវាមុជទឹកឈ្មោះ Titan បានបាត់ការទាក់ទងភ្លាមៗពីនាវាធំលើផ្ទៃទឹក Polar Prince កាលពីថ្ងៃអាទិត្យទី ១៨ ខែមិថុនា ឆ្នាំ២០២៣ នៅពេលដែលវាបានចុះទៅជ្រៅក្នុងសមុទ្រអាត្លង់ទិកខាងជើង បានប្រហែល១ម៉ោង និង ៤៥នាទី បន្ទាប់ពីបានធ្វើដំណើរចេញពីឆ្នេរសមុទ្រខាងកើតកាណាដា NewFoundland៕

លោកឧត្តមនាវី John Mauger បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា បើទោះជាបានរកឃើញបំណែកនាវាមុជទឹកនោះហើយក៏ដោយក៏ប្រតិបត្តិការស្វែងរកបំណែកឆ្អឹងសាកសពមនុស្សដែលកំពុងបាត់នៅមហាសមុទ្រនោះគឺនៅតែបន្ត។ ក៏ប៉ុន្តែចំពោះការស្រង់យកឡើងមកវិញឬអត់នោះ គឺនៅមិនទាន់រំពឹងទុកថានឹងធ្វើឡើងនោះនៅឡើយទេ៕

ប្រភព៖ BBC NEWS