សន្ដិសុខសង្គម

កំពុងស៊ើបអង្កេតក្រោយឃើញសពទារកមួយប្លុងចោលនៅអូរក្រាំងអំបិល

ដោយ៖សុខុម

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលផ្នែកជំនាញខេត្តកំពង់ស្ពឺ​ កំពុងបើកការស៊ើបអង្កេត រកមូលហេតុកំណត់អត្តសញ្ញាណអ្នកដែលយកសាកសពទារកមួយរុំសារុងច្រកថង់ផ្លាស្ទីក ពណ៌ខ្មៅប្លុងចោលនៅក្បែរស្ពានអូរក្រាំងអំបិល។

ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣  នៅត្រង់ចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ខាងត្បូងផ្លូវជាតិលេខ៤ ចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា៖ ដំបូងមានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ទារក(ភេទប្រុស) មិនស្គាល់អត្តសញ្ញាណ អាយុក្រោមមួយសប្តាហ៍ សម្បុរសណ្តែកបាយ ច្រកថង់ពណ៌ខ្មៅរុំសារុងពណ៌ក្រហមពីលើ។

បើតាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យ កោសល្យវិច័យ សាកសពទារក ខាងលើមានសភាពហើមស្អុយទៅហើយ។ ផ្នែកក្បាល ដងខ្លួននិងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ,ទងផ្ចិតមិនទាន់ជ្រុះ មានកៀបដង្កៀបពណ៌ខៀវ។

មន្ត្រីនគរបាលស្រុកសំរោងទងបានបញ្ជាក់បន្ថែមថា៖ តាមការសន្និដ្ឋាន សពទារកខាងលើអាចនឹងស្លាប់ ប្រហែលជាពីរទៅបីថ្ងៃមុន។ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុនេះបានទេគឺកំពុងស៊ើបអង្កេត និងរង់ចាំជំនាញខាងអង្គភាពការពារកុមារហៅកាត់ថា CPU មកពិនិត្យសិនទើបដឹងច្បាស់។ ក្រោយឃើញសាកសពទារកនោះ សមត្ថកិច្ចបានលាងសម្អាត រុំថង់កៅស៊ូក្លាស្សេ រក្សាទុកនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ៕