សេដ្ឋកិច្ច

កំពង់ផែ​ដងទង់ តម្លៃជាង១២ពាន់លានរៀល បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ដើម្បី​លើកស្ទួយ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​

ដោយៈសិរីមតី

កោះកុង​៖​កំពង់ផែ​ដងទង់ ដែល​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ត្រូវ​បើកសម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ។​
​ក្រោម​វត្តមាន ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​កំពង់ផែ​ដងទង់ ជា​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រុង​លេខ​៩០០ ក្នុងភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ កំពង់ផែ​នេះ គឺជា​ស្ថាបត្យកម្ម​ថ្មី​មួយ​ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដោយមាន​រចនាបទ​បែប​ទំនើប សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដែល​ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង និង​សាងសង់​ដោយ​ថវិកាជាតិ​សរុប​ប្រមាណ ១២.៨៩៧.០០០.០០០​រៀល (​ដប់​ពីរពាន់​លាន ប្រាំបី​រយ​កៅសិប​ប្រាំ​ពីរលាន​រៀល​គត់​)​។​

​គម្រោង​សាងសង់​ត្រូវបាន​ចែកចេញជា​២​ជំហាន សរុប​កំពង់ផែ​មាន​បណ្តោយ​ប្រវែង ១១៥​ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​ពី ៤​ម៉ែត្រ ទៅ ៨​ម៉ែត្រ ដែលមាន​លទ្ធភាព​ឱ្យ​នាវា​ផ្ទុកទំនិញ​ទម្ងន់​២០០០​តោន អាច​ចូល​ចត​បាន​។ ក្រៅពី​សំណង់​កំពង់ផែ​បេតុង គម្រោង​ដែល​ប្រើប្រាស់​ថវិកាជាតិ​ជិត ១៣​ពាន់​លាន​រៀល​នេះ ក៏មាន​បញ្ចូល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួមមាន​៖ ស្ពានបេតុង​ភ្ជាប់​ទៅ​ផែ ផ្លូវ​បេតុង​ចេញចូល​ផែ អគារ​អ្នកដំណើរ​រង់ចាំ អគារ​រដ្ឋបាល បន្ទប់ទឹក​សាធារណៈ ប្រព័ន្ធ​លូ របង និង​ខ្លោងទ្វារ ជាដើម​។​

​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ដងទង់ ជា​ចំណែក​មួយ​ក្នុង​ការតភ្ជាប់ និង​ភាព​សម្បូរបែប​នៃ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​សមុទ្រ​នៅក្នុង​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន​នៅក្នុង​ប្រទេស​ជាប់​សមុទ្រ​ទាំងបី​នៃ​មហា​អនុតំបន់​មេគង្គ រួមមាន កម្ពុជា ថៃ​និង​វៀតណាម​។ ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​កំពង់ផែ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សម្រួលការ​ដឹកជញ្ជូន​ទំនិញ អ្នកដំណើរ អ្នក​ទេសចរណ៍ នៅតាម​តំបន់​ឆ្នេរសមុទ្រ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​។​

​បន្ថែម​ពីលើ​កំពង់ផែ ដែល​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នាពេលនេះ ខេត្តកោះកុង នឹង​ទទួលបាន​សមិទ្ធផល​ធំៗ​ជា​ចំណងដៃ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នោះ​គឺ ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ត​ភ្ជាប់​ក្រុង​ខេមរភូមិន្ទ ទៅកាន់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​ជាង ១៩៨ គីឡូម៉ែត្រ ត​ភ្ជាប់​ខេត្តកោះកុង ទៅកាន់​ខេត្តពោធិសាត់ និង បន្ត​ដល់​ខេត្តបាត់ដំបង​៕