អន្តរជាតិ

អ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រMi-24រុស្ស៊ីមួយគ្រឿងទៀត

ដោយ៖តុលា

ដំណឹងចុងក្រោយ អ៊ុយក្រែនបាមអះអាងថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-24 របស់រុស្ស៊ីមួយគ្រឿងនៅថ្ងៃពុធទី ២១ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ភាគខាងត្បូងនៃប្រទេស។

យោងតាមប្រភពអគ្គសេនាធិការអ៊ុយក្រែននៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី ២១ ខែមិថុនា បានឲ្យដឹងថា កងពលតូចនៃកងកម្លាំងជើងគោកអ៊ុយក្រែនបានទទួលជោគជ័យយ៉ាងសាទរក្នុងការបាញ់ទម្លាក់Mi-24ដ៏ខ្លាំក្លារបស់រុស្ស៊ីមួយគ្រឿងទៀត។ ប្រភពនេះ សរសេរថា “ដំណឹងល្អ។ ទាហានរបស់យើងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-24 របស់រុស្ស៊ីនៅរសៀល ២១ មិថុនា”។

តាមការបំភ្លឺពីកងទ័ពអាកាសអ៊ុយក្រែននាពេលជាមួយគ្នា ឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 របស់រុស្ស៊ីនេះ ពិតជាត្រូវបានបាញ់ទម្លាក់នៅផ្នែកខាងមុខសមរភូមិតំបន់ Zaporizhzhia។ ការអះអាងដ៏រសើបនេះ មិនទាន់ត្រូវបានភ្នាក់ងារឯករាជ្យអាចផ្ទៀងផ្ទាត់ត្រឹមត្រូវទេ វាជារបាយការណ៍បន្តបន្ទាប់គ្នា ក្រោយកងកម្លាំងការពារជាតិអ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារ Ka-52 Alligator របស់រុស្ស៊ីតម្លៃ១៦លានដុល្លារ ថ្ងៃអាទិត្យទី ១៨៕

ប្រភព៖ AFP