សេដ្ឋកិច្ច

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាប្រកាសពីរចនាសម្ព័ន្ធដឹកនាំ

ដោយ៖ប្រសិទ្ធ

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានប្រកាសតែងតាំងរចនាសម្ព័ន្ធជាផ្លូវការដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងគណៈកម្មការប្រតិបត្តិ នៃសមាគម ជាលើកដំបូងដើម្បីអនុវត្តសកម្មភាពរបស់ខ្លួន។

បន្ទាប់ពីទទួលបានការចុះបញ្ជីពីក្រសួងមហាផ្ទៃស្តីពី “ការចុះឈ្មោះសមាគម CTAFA ក្នុងបញ្ជីសមាគមនីតិបុគ្គល និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារសមាគម CTAFA ពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

លោក អ៊ុំ សារ៉ាវុធ ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម សហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាបានបញ្ជាក់ថា ការបង្កើតសមាគមនេះឡើងគឺគោលបំណងសំខាន់រៀបចំចងក្រងនូវភ្នាក់ងារ និងបណ្តាក្រុមហ៊ុននានាលើវិស័យសេវាកម្មពន្ធដារនៅប្រទេសកម្ពុជា ដើម្បីចូលរួមជួយជ្រោមជ្រែងដល់ការអនុវត្តកាតព្វកិច្ចសារពើពន្ធ របស់ធុរកិច្ចជនអោយបានត្រឹមត្រូវ និងស្រមតាមច្បាប់។ បន្ថែមពីនេះក៏ចូលរួមជំរុញឲ្យមានវប្បធម៌ចូលរួមបង់ពន្ធជូនរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីសេដ្ឋកិច្ចជាតិ។

ពិសេសជាងនេះទៅទៀតនោះ គឺដើម្បីចូលរួមសហការនិងគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ អប់រំ និងការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ពីច្បាប់ជាតិ និងអន្តរជាតិ ការអនុវត្តការព្វកិច្ចសារពើពន្ធរបស់ធុរកិច្ចជន។

លោក អ៊ុំ សារ៉ាវុធ បានបន្ថែមទៀតថា ការបង្កើតសមាគមឡើងមកនេះ ក៏មានទិសដៅសំខានៗជាច្រើនដូចជា ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយច្បាប់ ស្តីពីសារពើពន្ធ លើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធ រសប់ធុរកិច្ចជនឲ្យបានត្រឹមត្រូវ និងស្របតាមច្បាប់ សហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយ ចែករំលែកនូវបទពិសោធតាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាល នៅក្នុងប្រទេស និងអន្តរជាតិ ចូលរួមសហការជំរុញឲ្យអ្នកដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងការបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ដើម្បីផ្តល់ភាពរីចម្រើនដល់សេដ្ឋកិច្ចជាតិ។

លោកប្រធានសមាគមបានលើកឡើងទៀតថា ចក្ខុវិស័យចម្បងរបស់សមាគម សហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា គឺចង់ឃើញការអនុវត្តច្បាប់ពន្ធរវាងរដ្ឋបាលសារពើពន្ធ និងធុរកិច្ចជនមានតម្លាភាព ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឲ្យរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថា សមាគម សហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា មានទីស្នាក់ការស្ថិតនៅផ្ទះលេខ C46 និង C48 មហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕