អន្តរជាតិ

ផ្ទុះឆេះភោជនីយដ្ឋានដ៏ធំមួយនៅប្រទេសចិនបានសម្លាប់មនុស្ស៣១នាក់

ដោយ៖តុលា

មនុស្សយ៉ាងហោចណាស់៣១នាក់បានស្លាប់បន្ទាប់ពីមានការផ្ទុះភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Yinchuan ភាគពាយ័ព្យនៃប្រទេសចិនកាលពីយប់ថ្ងៃពុធទី ២១ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរ ក៏ដូចជាវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៨ និង៤០នាទីយប់ម៉ោងក្នុងស្រុកថ្ងៃពុធ ទី ២១ ខែមិថុនា ឆ្នាំ២០២៣ នៅឯភោជនីយដ្ឋានមួយឈ្មោះ Fuyang Barbecue ក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុង Yinchuan រដ្ឋធានីនៃតំបន់ស្វយ័ត Ningxia ភាគពាយ័ព្យប្រទេសចិន។

គណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំតំបន់ បាននិយាយថា “ហេតុការណ៍នេះគឺបណ្តាលមកពីការការលេចធ្លាយឧស្ម័នប្រេងរាវ… ក្នុងអំឡុងពេលប្រតិបត្តិការភោជនីយដ្ឋានសាច់អាំង”។ ជាលទ្ធផលមនុស្ស ៣១នាក់បានស្លាប់ ហើយ ៧នាក់របួស មានម្នាក់កំពុងទទួលការព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នបាននិយាយថា សេវាពន្លត់អគ្គីភ័យ និងសង្គ្រោះក្នុងស្រុកបានបញ្ជូនមនុស្សជាង ១០០ នាក់ និងរថយន្ត ២០គ្រឿងទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានការផ្ទុះនេះ។

ទូរទស្សន៍ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិនលោក Xi Jinping “បានទាមទារឱ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការព្យាបាលអ្នករបួស និងការពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងសុវត្ថិភាពនៅក្នុងឧស្សាហកម្ម និងវិស័យសំខាន់ៗ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់មនុស្សឱ្យមានប្រសិទ្ធភាព”៕

ប្រភព៖ AFP