អន្តរជាតិ

ទីក្រុងប៉េកាំងឡើងកម្តៅលើស៤០អង្សាសេមិនធ្លាប់មានក្នុងកំណត់ត្រា៩ឆ្នាំ

ដោយ៖តុលា

សីតុណ្ហភាពក្នុងទីក្រុងប៉េកាំង បានកើនឡើងលើសពី ៤០អង្សាសេនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០១៤ ខណៈដែលរដ្ឋធានីចិន បានព្រមានពីអាកាសធាតុក្តៅខ្លាំង នៅចុងសប្តាហ៍ជាមួយនឹងការត្រឡប់មកវិញនៃរលកកំដៅ ដែលបានបោកបក់ភាគខាងជើងប្រទេសចិន កាលពីមួយសប្តាហ៍មុន។

ស្ថានីយ​អាកាសធាតុ​នៅ​ជាយក្រុង​ប៉េកាំង​ភាគ​ខាង​ត្បូង​បាន​កត់ត្រា​សីតុណ្ហភាព ៤០.១អង្សាសេ នៅ​ម៉ោង ១ និង២៥នាទីរសៀលតាមម៉ោងក្នុងស្រុក។ យោងតាមការិយាល័យអាកាសធាតុក្រុង ការឡើងកម្តៅលើស ៤០អង្សាសេនេះ គឺជាកំណត់ត្រាអាកាសធាតុក្តៅមិនធ្លាប់ចាប់តាំងពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤។

ចិនបានបង្កើនការជូនដំណឹងពណ៌ទឹកក្រូច ដែលជាការព្រមានអាកាសធាតុខ្ពស់បំផុតទីពីរដោយនិយាយថាសីតុណ្ហភាពអាចកើនឡើងដល់ ៣៩ អង្សារសេបន្តជាប់គ្នានៅតំបន់ភាគច្រើននៃទីក្រុងចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។

ទីក្រុងប៉េកាំង ធានជីន ហឺប៉ី និងសានទុង នៅភាគខាងជើង និងភាគខាងកើតប្រទេសចិន ត្រូវបានរងនូវការវាយប្រហារពីរលកកំដៅកាលពីសប្តាហ៍មុន ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារដំណាំ ធានាសុវត្ថិភាពរបស់អ្នកទេសចរ និងផ្អាកការងារក្រៅកំឡុងពេលក្តៅបំផុតនៃថ្ងៃ៕

ប្រភព៖ REUTERS