សេដ្ឋកិច្ច

វៀតណាមនាំចេញផ្លែទុរេន កើបលុយបានជាង៥០០លានដុល្លារអាម៉េរិក

ដោយ៖តុលា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអង្គារទី ២០ ខែមិថុនាសប្តាហ៍នេះថា ប្រទេសវៀតណាមរកចំណូលបានជាង ៥០០ លានដុល្លារអាម៉េរិក ពីការនាំចេញទុរេនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៨ ដងធៀបនឹងឆ្នាំមុន   ខណៈមានតម្រូវការខ្លាំងពីប្រទេសចិន។

ប្រទេសនេះបាននាំចេញផ្លែទុរេនជាង ៦៥០០០ តោនក្នុងអំឡុងខែមករាដល់ខែឧសភា កើនឡើង ៤១ ភាគរយពីចំនួនសរុបនៃឆ្នាំ ២០២២ ដោយប្រទេសចិនបានទិញ ៩៧ ភាគរយនៃការនាំចេញ។នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ទុរេនវៀតណាមបានចូលដល់រដូវប្រមូលផលរបស់ខ្លួនក្នុងខែឧសភា ដូច្នេះហើយតម្លៃនៃការនាំចេញផ្លែឈើបានកើនឡើងខ្ពស់បំផុតដល់ទៅ ៣៣២ លានដុល្លារអាម៉េរិក ពោលគឺខ្ពស់ជាង ១០ ដងធៀបនឹងខែមេសា។

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម ប្រទេសចិននៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើវៀតណាមក្នុងអំឡុងខែមករា ដល់ខែឧសភាដើមឆ្នាំ២០២៣នេះ ជាមួយនឹងការដឹកជញ្ជូនតម្លៃ ៨០៥លានដុល្លារ ដែលស្មើនឹង ៥៩ភាគរយនៃទំហំនាំចេញសរុបរបស់ប្រទេសវៀតណាម។ ចំណង់អាហាររបស់ប្រទេសចិនសម្រាប់ផ្លែឈើត្រូពិចដូចជាទុរេននេះគឺពេញនិយមណាស់។ កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនចំនួន ៨២៥០០០ តោន។ នេះបើយោងតាមទិន្នន័យគយរបស់ចិន។

អគ្គលេខាធិការ Dang Phuc Nguyen មកពីសមាគមបន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ផ្លែឈើ និងបន្លែរបស់វៀតណាមទំនងជានឹងកើនឡើងប្រហែល ២០ ភាគរយដល់ ៤ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈដែលប្រទេសនេះត្រូវបានគេរំពឹងថានឹងឃើញការនាំចេញទៅកាន់ប្រទេសចិនពង្រីកដល់ ២.៥ពាន់លានដុល្លារ ការ​នាំ​ចេញ​ទុរេន​របស់​ប្រទេស​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ដល់១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣។

ប្រភព៖ XINHUA.NET