សន្ដិសុខសង្គម

រឹបអូសសារធាតុញៀនបានជាង៣០គីឡូក្រាមនៅខេត្តបាត់ដំបង

ដោយ៖រតនា

បាត់ដំបង៖ សមត្ថកិច្ចអាវុធហត្ថខេត្តកំណត់មុខសញ្ញាល្មើសរួចហើយរឹបអូសគ្រឿងញៀនបានជាង៣០គីឡូក្រាមក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដែលជនសង្ស័យជាជាងជួសជុលម៉ូតូ។

កម្លាំងបង្ក្រាបកងរាជអាវុធហត្ថខេត្តបានបញ្ជាក់បឋមឲ្យដឹងថា ជនសង្ស័យជាឧក្រិដ្ឋជនគ្រឿងញៀននេះជាជាងជួសជុសម៉ូតូមានឈ្មោះថោង សូស៊ី វិន ភេទប្រុស  អាយុ២៣ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំ អូរ ដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែមិថុនា ២០២៣។

ប្រតិបត្តិការដកហូតម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀននេះបង្ក្រាបចំនួន២លើកគឺលើទីតាំងផ្សេងគ្នានៅក្នុងលំនៅឋាន និងនៅទីតាំងផ្ទះជួលរបស់ជនសង្ស័យ។ ការបង្រ្កាបនេះកម្លាំងជំនាញរឹបអូសបានម៉ាទឹកកកសរុបចំនួន៤៧កញ្ចប់ធំ ទម្ងន់ចំនួន៣១៧១៣,៣៤ ក្រាមរួមជាមួយវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។

ចំពោះមុខកម្លាំងរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងកំពុងបន្តនីតិវិធី និងសាកសួរដើម្បីឈានទៅកាន់ការកំណត់មេខ្លោងធំបន្តទៀត៕