ព័ត៌មានជាតិ

ខេត្តគោលដៅចំនួន១២រួមជាមួយរាជធានីភ្នំពេញនឹងទទួលបានផ្លូវប្រវែង២៥០គីឡូម៉ែត្រ

ដោយ ៖គង់ហេង

កំពង់ចាម៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងកាលពីថ្ងៃទី ២០ ខែមិថុនាថា៖ ខេត្តគោលដៅចំនួន ១២ រួមជាមួយរាជធានីភ្នំពេញ នឹងទទួលបានគម្រោងពិពិធកម្មកសិកម្ម គ្រោងធ្វើការជួសជុល កែលម្អផ្លូវប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រ។

លោក សា វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា៖ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអភិវឌ្ឍន៍​គម្រោងលើការងារផ្លូវជនបទសម្រាប់បម្រើឱ្យកសិកម្ម ក្នុងការងារដឹកកសិផលទៅកាន់ទីផ្សារ គឺជួយសម្រួលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងនោះខេត្តកំពង់ចាមទទួលបានផ្លូវ នៃគម្រោងនេះប្រវែងសរុបចំនួន ២២,៥៣ គីឡូម៉ែត្រចំនួន ៤ ខ្សែ ស្ថិតក្នុងស្រុកចំនួន បួន។

លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា៖ ១.ស្រុកស្ទឹងត្រង់ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍សែនជ័យចំនួន ពីរខ្សែប្រវែង ៧,០១ គីឡូម៉ែត្រ, ២. ស្រុកជើងព្រៃ និងស្រុកព្រៃឈរ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ប្រវែង ១០,០១ គីឡូម៉ែត្រ និង ៣. ស្រុកបាធាយសម្រាប់សហគមន៍កសិកម្មអភវឌ្ឍន៍មូលដ្ឋានយើង ប្រវែង ៥,៥១ គីឡូម៉ែត្រ។

លោកបានបន្ថែមថា៖ ផ្លូវក្រាលកៅស៊ូទាំងបួនខ្សែ ដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈគម្រោងពិពិធកម្ម ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក( WORLD BANK) មានទទឹង ប្រាំម៉ែត្រ ចំណីផ្លូវជាក្រួសក្រហមម្ខាង ០,៥ម៉ែត្រ ស្ថាបនាដោយក្រុមហ៊ុន អេសភី ម៉ៅ ធី ខនត្រាក់សិន អែនដេវ័រឡប់មែនខលអូធីឌី ប្រើប្រាស់រយៈពេលចំនួន ១៥ខែ។

លោក សា វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទបានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាសដែលអញ្ជើញចូលរួម​បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៤ ខ្សែ ប្រវែង ២២,៥៣ គីឡូម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកម្ពុជា ដែលបានរៀបចំឡើងនៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ កាលពីថ្ងៃទី២០ មិថុនា ម្សិលមិញ៕