អន្តរជាតិ

ពិភពលោកកំពុងតែភ័យចលាចលរឿងលិចនាវាទេសចរណ៍មុជទឹកនៅមហាសមុទ្រអាត្លង់ទិក

ដោយ៖រតនា

មនុស្សនៅក្នុងពិភពលោកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ជុំវិញព្រឹត្តិការណ៍លិចនាវាមុជទឹកនៅមហាសមុទ្រអាត្លង់ទិកដែលបានបាត់ខ្លនមនុស្ស៥នាក់ពេលពួកគេធ្វើដំណើរទៅមើលខ្មោចនាវាទីតានិកដែលបានលិចក្រោមបាតសមុទ្រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

មកដល់ត្រឹមព្រឹកថ្ងៃអង្គារទី ២០ ខែមិថុនា ឆ្នាំ២០២៣ នាវាមុជទឹកដឹកអ្នកទេសចរ ដែលក្នុងនោះមានហាសេដ្ឋីប្រាក់លានបានធ្វើដំណើរទៅមើលខ្មោចនាវាទីតានិកមានមនុស្សសរុប៥នាក់ ឥឡូវនេះពួកគេកំពុងតែបាត់ខ្លួនសូន្យឈឹង។ហេតុការណ៍ដ៏អាក្រក់នេះគឺបានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកភាគច្រើនមានភាពស្រឡាំងកាំងនិងចង់ដឹងពីដំណឹងនេះយ៉ាងអន្ទះសាបំផុត។

យោងតាមបណ្តាញសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រតិបត្តិការស្វែងរកជួយសង្គ្រោះដែលមានការចូលរួមពីនាវានិងយន្តហោះរបស់សហរដ្ឋអាម៉េរិកនិងកាណាដាបានធ្វើសកម្មភាពយ៉ាងកក្រើកផ្ទៃសមុទ្រអស់រយៈពេល២៤ម៉ោងទៅហើយនោះ ក៏មកដល់នឹងពេលនេះវានៅតែមិនទាន់រកឃើញតម្រុយណាមួយនៃនៃក្រុមអ្នកដំណើរទេសចរព្រមទាំងនាវាមុជទឹកឈ្មោះ Titan របស់ពួកគេនៅឡើយ។គេនៅមិនដឹងថាវាសនារបស់អ្នកដែលស្ថិតនៅក្នុងនាវានោះវានឹងទៅជាយ៉ាងណានោះឡើយ។

ពិភពលោកកំពុងតែភ័យចលាចលរឿងលិចនាវាទេសចរណ៍មុជទឹកនៅមហាសមុទ្រអាត្លង់ទិក
រូបខ្មោចនាវាទីតានិកដែលវាបានលិចចូលបាតសមុទ្រជាយូរឆ្នាំមកហើយ

ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា នៅក្នុងនាវាមុជទឹកទេសចរកម្សាន្តនោះមានអ្នកបើកម្នាក់ និងអ្នកដំណើរ ៤ នាក់ បានបាត់ខ្លួនក្រោយរយៈពេល ១ម៉ោង និង៤៥នាទី បន្ទាប់ពីបើកចុះទៅក្រោមបាតសមុទ្រអាត្លង់ទិកខាងជើង ដើម្បីថាទៅទស្សនាពីទិដ្ឋភាពបាក់បែកនៃកប៉ាល់ទីតានិកដែលបានលិចកប់នៅបាតសមុទ្រជាយូរឆ្នាំមកហើយ។

ក្រុមហ៊ុនឯកជនដែលដំណើរការនាវាមុជទឹកនេះគឺ OceanGate Expeditions បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទក្រោយការបាត់ភ្លាមៗថា ខ្លួនកំពុង “ធ្វើអ្វីគ្រប់យ៉ាង គ្រប់ជម្រើស” ដើម្បីជួយសង្គ្រោះអ្នកនៅក្នុងនាវានោះ។ យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីសាច់ញាតិរបស់អ្នកដំណើរ ក្នុងនោះក៏មានមហាសេដ្ឋីអង់គ្លេស Hamish Harding ផងដែរ។

តាមប្រភពពីក្រុមហ៊ុនខាងលើនេះ ដំណើរទេសចរក្រោមផ្ទៃទឹកទៅមើលកប៉ាល់ទីតានិក គឺតម្រូវឲ្យបង់ម្នាក់ក្នុងតម្លៃ ២៥០០០០ ដុល្លារក្នុងមនុស្សម្នាក់ ដោយត្រូវបើកចេញពីចំណុចអាស័យដ្ឋាន St. John’s រដ្ឋ Newfoundland កាណាដាមុនពេលចេញដំណើរប្រហែល ៦៤០ គីឡូម៉ែត្រចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។ ដើម្បីទស្សនាខ្មោចកប៉ាល់បាក់បែកនោះ អ្នកដំណើរត្រូវជិះក្នុងយានមុជទឹកចំណាយពេលប្រហែលពីរម៉ោង ដើម្បីបើកចុះទៅក្រោមប្រហែលទៅជម្រៅ ១២៥០០ ហ្វីតស្មើនឹង (៣៨០០ ម៉ែត្រ)ពីផ្ទៃទឹកសមុទ្រ៕

ប្រភព៖ REUTERS