អន្តរជាតិ

រុស្ស៊ីនិងអ៊ុយក្រែនរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈសមរភូមិជួរមុខផ្ទុះឡើង

ដោយ៖រតនា

ការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាយ៉ាងស្វិតស្វាញកំពុងដំណើរការនៅលើខ្សែបន្ទាត់ជួរមុខនៅក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយភាគីទាំងពីរត្រូវបានគេរាយការណ៍ថាចំនួនអ្នកស្លាប់ និងរបួសច្រើន ខណៈដែលការវាយលុករបស់ទីក្រុង Kyiv ចាប់ផ្តើម។

ការប្រយុទ្ធគ្នាខ្លាំងបំផុតបានផ្តោតទៅលើខេត្ត Zaporizhia ភាគអាគ្នេយ៍ ជុំវិញទីក្រុង Bakhmut និងភាគខាងលិចបន្ថែមទៀតនៅក្នុងខេត្ត Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន នេះបើយោងតាមការវាយតម្លៃរបស់ស៊ើបការណ៍សម្ងាត់អង់គ្លេសកាលពីថ្ងៃអាទិត្យ។

អ៊ុយក្រែន​កំពុង​វាយលុក​ក្នុង​តំបន់​ទាំង​នេះ ហើយ​បាន​ធ្វើ​ការ​ជឿនលឿន​តិចតួច។ រីឯកងកម្លាំងរុស្ស៊ីវិញគឺកំពុងធ្វើ “ប្រតិបត្តិការការពារប្រកបដោយប្រសិទ្ធភាព” នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

លោក Serhiy Bratchuk អ្នកនាំពាក្យមកពីរដ្ឋាភិបាលក្នុងតំបន់នៅខេត្ត Odesa ភាគនិរតីបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញឃ្លាំងរំសេវ “សំខាន់ណាស់” នៅជិតទីក្រុងកំពង់ផែ Henichesk ដែលកាន់កាប់ដោយរុស្ស៊ីក្នុងខេត្ត Kherson ក្បែរនោះ។

លោក Bratchuk បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះលើបណ្តាញ Telegram របស់គាត់ថា “កងកម្លាំងប្រដាប់អាវុធរបស់យើងបានវាយលុកយ៉ាងខ្លាំងនៅពេលព្រឹក” ។

ក្រុមអ្នកវិភាគ និងមន្ត្រីយោធាលោកខាងលិចបានព្រមានថា ការវាយលុករបស់អ៊ុយក្រែនក្នុងការបណ្តេញកងកម្លាំងរុស្ស៊ីចេញពីតំបន់ដែលកាន់កាប់នៅតាមបណ្តោយជួរមុខ 1,000 គីឡូម៉ែត្រ (620 ម៉ាយ) អាចមានរយៈពេលយូរ៕