សន្ដិសុខសង្គម

មន្រ្តីនគរបាលម្នាក់យកកាំភ្លើងខ្លីបាញ់ទម្លុះក្បាលក្នុងរថយន្តយ៉ាងអាថ៌កំបាំង

ដោយ៖ សុខុម

ស្វាយរៀង៖ មន្រ្តីនគរបាលស្រុកកំពង់រោទ៍ខេត្តស្វាយរៀងម្នាក់ បានយកកាំភ្លើងខ្លីបាញ់ទម្លុះចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យស្លាប់ក្នុងរថយន្តយ៉ាងអាថ៌កំបាំងបង្កឱ្យមានការភ្ញាក់ផ្អើល។  ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងែទី១៨ខែមិថុនាឆ្នាំ២០២៣ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍។

អ្នកដែលស្លាប់ខាងលើនេះមានឈ្មោះសៅ ទិត្យរីណា អាយុ៣៦ឆ្នាំ មុខរបរជាមន្រ្តីនគរបាល ផ្នែកអន្តោប្រវេសន៍ មានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

ក្រោយកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីនិងគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវករណីនេះឃើញថា បុរសនោះបានយកកាំភ្លើងខ្លី ម៉ាក(CZP07)ពណ៌ខ្មៅបាញ់ចំសៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត។

យោងតាមចម្លើយឈ្មោះសៅ សាមាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាឪពុករបស់សពបានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនមានជំងឺប្រចាំកាយហើយព្យាបាលអស់ជាច្រើនឆ្នាំមកហើយមិនបានធូរស្រាលសោះ ណាមួយមានបញ្ហាក្នុងគ្រួសារ ធ្វើឱ្យការរស់នៅផ្សេងគ្នាមួយរយៈផង៕