អន្តរជាតិ

ប្រមុខការទូតAntony Blinkenមានមោទនភាពចំពោះទស្សនកិច្ចទៅកាន់ប្រទេសចិន

ដោយ ៖Anthony Zurcher

ជា​សមាជិក​ជាន់​ខ្ពស់​បំផុត​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិកបានថ្លែងថានៅក្នុងកិច្ចប្រជុំពីរថ្ងៃជាមួយមន្ត្រីនៅក្នុងប្រទេសចិន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានជួបពិភាក្សាការងារទ្វេភាគី “ដោយត្រង់ទៅត្រង់មក” ជាមួយសមភាគីចិន ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា លោក Blinken បានទទូចស្នើសុំឲ្យមានការបើកចំហទំនាក់ទំនងដើម្បីរក្សាចំណងការទូតរវាងប្រទេសទាំងពីរ។

នៅក្នុង​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំកន្លងមកនេះជាដំណើរ​ទស្សនកិច្ច​របស់​អ្នក​ការ​ទូត​កំពូលស​អាម៉េរិកទៅ​កាន់​ប្រទេស​ចិន​​​​ជា​លើក​ដំបូង​។

Blinken បានគ្រោងទុកដំណើរទស្សនកិច្ចតាំងពីខែកុម្ភៈក៏ប៉ុន្តែត្រូវបានលុបចោលទៅវិញក្រោមមូលហេតុប៉េងប៉ោងបង្ហោះរបស់ចិនដែលបានហោះហើរនៅក្នុងទឺកដីនៃដែនអាកាសរបស់អាមេរិកដែលគេសង្ស័យថាប៉េងប៉ោងចារកម្ម ។

ក្រុមមន្ត្រីអាម៉េរិកនិយាយថា គោលបំណងសម្រាប់កិច្ចចរចាជាមួយនឹងក្រុងប៉េកាំងគឺការថែរក្សាទំនាក់ទំនងការទូតឲ្យមានស្ថិរភាពដែលមានសភាពតានតឹងយ៉ាងខ្លាំងនៅក្នុងពេលកន្លងមកនេះ។

នៅលើបណ្តាញផ្សព្វផ្សាយរដ្ឋចិនបាននិយាយថាលោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់សមភាគីអាម៉េរិក លោក Blinken ថាប្រទេសចិននឹងប្តេជ្ញាកសាងទំនាក់ទំនងរវាងចិននឹងអាម៉េរិកឲ្យមានស្ថិរភាពល្អប្រសើឡើងវិញដែលគេអាចប៉ាន់ប្រមាណថាវាស្ថិតនៅក្នុងលក្ខណស្ថាបនាជាមួយនឹងសហរដ្ឋអាម៉េរិក។ ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយ​ថា លោក​រដ្ឋមន្ត្រីការបរទេសចិនបាន​យល់ព្រម​ទៅធ្វើដំណើរ​ទស្សនកិច្ច​នៅទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​​ពិភាក្សាលើបញ្ហានេះ។

បណ្តាញផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា លោក Qin បាននិយាយសំដៅទៅលើបញ្ហាតៃវ៉ាន់ថាគឺវា អាចនឹបង្កឲ្យមាន “ហានិភ័យដ៏ផុយស្រួយបំផុត” ចំពោះការរក្សាស្ថិរភាពទំនាក់ទំនងរវាងចិននឹងអាម៉េរិក ហើយលោកក៏បានគូសបញ្ជាក់ថាបញ្ហាតៃវ៉ាន់ជា “បញ្ហាដ៏ចំបងរបស់ចិន” ។

ប្រទេសចិនយល់ច្បាស់ណាស់ចំពោះតៃវ៉ាន់ដែលប្រកាន់យកការគ្រប់គ្រងដោយខ្លួនឯងដែលចិនចាត់ទុកថាជាខេត្តបំបែកខ្លួនដែលនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនាពេលខាមុខ។ ក៏ប៉ុន្តែតៃវ៉ាន់គិតថាមេដឹកនាំនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនគឺវាខុសពីចិនដីគោក។ លោក Joe Biden ប្រធានាធិបតីអាមេរិក បានបញ្ជាក់កាលពីឆ្នាំមុនថាសហរដ្ឋអាម៉េរិកនឹងការពារតៃវ៉ាន់ប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិន។

លោក Qin បានទទួលស្វាគមន៍លោក Blinken កាលពីព្រឹកថ្ងៃអាទិត្យនៅឯសណ្ឋាគាររដ្ឋ Diaoyutai ដែលជាកន្លែងដ៏ប្រណីតសម្រាប់ទទួលភ្ញៀវដែលជាឥស្សរជនមកទស្សនា។

ឥស្សរជនទាំង​ពីរ​បានចាប់​ដៃ​គ្នាក្នុងខណៈ​ពេល​ឈរ​នៅចំពី​មុខ​ទង់ជាតិ​រៀងៗ​ខ្លួនក្រោយ​មកក៏បាន​ចូលអង្គុយ​រួមជាមួយ​គណៈប្រតិភូ​នៅ​ជុំវិញតុដ៏​វែង​ដើម្បី​ចាប់​ផ្តើម​កិច្ចពិភាគ្សា។

កិច្ចស្វាគមន៍មានលក្ខណៈស៊ីជម្រៅដែលបានគូសបញ្ជាក់ពីការវិវឌ្ឍន៏ដ៏រសើបលើទំនាក់ទំនងរវាងមហាអំណាចទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

  • មានបញ្ហាជាអាទិភាភចំនួនបីចំណុចសំខាន់ៗនៅក្នុងកិច្ចពិភាក្សារវាងអាម៉េរិកនិងចិន

ភាគី​អាម៉េរិក​បាន​វាយតំលៃអំពីការ​រំពឹង​ទុក​សម្រាប់​ការ​ធ្វើ​ដំណើរទស្សនកិច្ច​​នេះក្នុងកំរឹតមួយទាបបំផុតដូចដែល​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​​ថា​គេ​មិនសូវ​រំពឹង​ថាអាចមានច្រកចេញ​លើ​ដំណោះស្រាយណាមួយនោះទេ​។

បញ្ហាសង្រ្គាមនៅអ៊ុយក្រែន បញ្ហាជម្លោះពាណិជ្ជកម្មលើបច្ចេកវិទ្យាកុំព្យូទ័រទំនើប ការរីករាលដាលគ្រឿងញៀន fentanyl នៅសហរដ្ឋអាម៉េរិក និងការរំលោភសិទ្ធិមនុស្ស គឺជាប្រធានបទដ៏ក្តៅគគុកទាំងអស់ដែលអាម៉េរិករំពឹងថានឹងត្រូវដាក់លើតុពិភាក្សា។

ក្រុមមន្ត្រីចិនមានប្រតិកម្មចំពោះដំណើរទស្សនកិច្ចរបស់លោក Blinken ដោយចោទសួរថា តើអាម៉េរិកមានឆន្ទៈស្មោះត្រង់ដើម្បីកែលម្អទំនាក់ទំនងដែរឬទេ។

គេនៅមិនទាន់ដឹងទេថាលោក Blinken នឹងជួបលោក  Xi Jinping ឬក៏យ៉ាងណានោះទេ។

ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានឡើងកាន់អំណាចក្នុងខែមករា ឆ្នាំ ២០២១ លោក Blinken គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាម៉េរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។

លោក Blinken បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា”ការប្រកួតប្រជែងជាមួយប្រទេសចិនមិនអាចក្លាយទៅជាជម្លោះនោះទេ ប្រសិនបើយើងធ្វើឱ្យវាប្រាកដក្នុងការប្រាស្រ័យទាក់ទងជាមួយគ្នា” ។

លោក​សង្ឃឹម​ថា​នឹងមានគម្រោង​ជួប​លោក​ប្រធានាធិបតី Xi នាពេលខាង​មុខប៉ន្មានខែទៀត។

ជំនួបរវាងប្រធានាធិបតី Biden និង Xi Jinping នៅកោះបាលីក្នុងខែវិច្ឆិកា បានបន្ធូរបន្ថយភាពជាប់គាំងទំនាក់ទំនងរវាងចិននឹងអាម៉េរិកដែលជាហានិភ័យឈានទៅរកសង្រ្គាមត្រជាក់សាជាថ្មីម្តងទៀត ប៉ុន្តែចាប់តាំងពីឧបទ្ទវហេតុប៉េងប៉ោងចារកម្មទំនាក់ទំនងកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរគឺកម្រនឹងកើតឡើងខ្លាំងណាស់៕

ប្រភព ៖ BBC