អន្តរជាតិ

បាញ់ប្រហារក្នុងពិធីបុណ្យតន្ត្រីមួយ នៅWashington បណ្តាលឲ្យស្លាប់២នាក់

លោក Kyle Foreman អ្នកនាំពាក្យការិយាល័យប៉ូលិស Grant County បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើការបាញ់ប្រហារដ៏រន្ធត់មួយនៅជិត Gorge Amphitheatre ក្នុងទីក្រុងវ៉ាស៊ីនតោន។

ការិយាល័យប៉ូលិ Grant County បានថ្លែងថានៅក្នុងការបាញ់ប្រហារដ៏សាហាវឃោឃៅនេះបណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួសនៅកន្លែងបោះតង់ជិត Gorge Amphitheatre ក្នុងក្រុង Washington នៅពេលប្រារពពិធីបុណ្យតន្ត្រីរាំអេឡិចត្រូនិកកាលពីយប់ថ្ងៃសៅរ៍។

អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​រង​របួស​ដោយរួមទាំងជនដៃដល់ដែលជា​អ្នក​បាញ់​ប្រហារ​ផង​ដែរ​ដែលក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។

យោងតាមរបាយការណ៍​ស្តីពី​ការ​បាញ់ប្រហារនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃសៅរ៍។ ការិយាល័យ​ប៉ូលិសបាន​​បង្ហោះ​ព័ត៌មានលើបណ្តាញសង្គមថាការ​បាញ់ប្រហារនេះ​បាន​កើតឡើងនៅ​កន្លែង​បោះ​តង់ក្បែរ​ក្រុង George។

បើយោងតាមអ្នកនាំពាក្យ លោក Kyle Foreman បានថ្លែងថា ជនសង្ស័យដែលជាអ្នកបាញ់ប្រហារបានគេចខ្លួនចេញពីកន្លែងកើតហេតុនៅខណៈពេលដែលក្រុមមន្ត្រី​ប៉ូលិសបានតាមចាប់ខ្លួនគាត់។ លោក Foreman បាននិយាយថា ជនសង្ស័យបានបាញ់ប្រហារដោយ “ចៃដន្យ” ចូលទៅក្នុងហ្វូងមនុស្ស ខណៈដែលជននេះកំពុងរត់គេចខ្លួន ហើយក្រោយមកគាត់ត្រូវ​ប៉ូលិសចាប់ខ្លួន។

ក្នុង​កិច្ចអន្តរាគមន៍របស់​សមត្ថកិច្ច​ឆ្លើយ​តបនឹងការបាញ់ប្រហារនេះ​ការវាយប្រហារពីសំណាក់​មន្ត្រីប៉ូលិស​​ទៅលើគោលដៅដែល​ពាក់​ព័ន្ធ​ក៏​បាន​កើត​ឡើងនៅក្នុងខណៈពេល​នោះផងដែនេះ​បើ​យោង​តាម​ការិយាល័យប៉ូលិស​។ ការិយាល័យប៉ូលិសបាននិយាយថា ឧប្បត្តិហេតុនេះអង្គភាពស៊ើបអង្កេតពិសេស North Central Washingtonកំពុងធ្វើការស៊ើបអង្កេត។

លោក Foreman បានថ្លែងថា រោងមហោស្រព Gorge Amphitheatre កំពុងរៀបចំប្រារព្ធពិធីបុណ្យតន្ត្រីរយៈពេលពីរថ្ងៃដែលមានឈ្មោះថា Beyond Wonderland នៅពេលនោះ ហើយកន្លែងបោះតង់ក៏ស្ថិតនៅចម្ងាយច្រើនរយម៉ែត្រពីកន្លែងនោះ។

អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ជន​សង្ស័យ ជន​រង​គ្រោះ និង អាវុធ​ដែលជន​សង្ស័យ​បាន​ប្រើ ឬ​បញ្ជាក់អំពីហេតុផលនៃឧបទ្ទវហេតុនេះ​​ទេ។

ការិយាល័យប៉ូលិស Grant County បានធ្វើការព្រមានថា “កន្លែងដែលបានបោះតង់នៅ Gorge Gate H ត្រូវបានបិទដោយសារតែឧបទ្ទវហេតុ។ អ្នកគ្រប់គ្រងមហោស្រពនេះបានបង្ហោះសារនៅលើ tweet មួយកាលពីយប់ថ្ងៃសៅរ៍ថា អ្នកទៅចូលរួមក្នុងពិធីបុណ្យ ឬនៅកន្លែងបោះតង់មិនមានគ្រោះថ្នាក់អ្វីទេ។

នៅព្រឹកថ្ងៃអាទិត្យ មហោស្រពបានប្រកាសលុបចោលការសំដែងនៅថ្ងៃនោះ។

Beyond Wonderland បានប្រាប់ឲ្យដឹងថា “ដោយសារតែឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងកន្លែបោះតង់កាលពីយប់មិញ យើងខ្ញុំមានការសោកស្តាយចំពោះការជូនដំណឹងថាមហោស្រពសម្រាប់ថ្ងៃទី ២ នៃ Beyond Wonderland at the Gorge ត្រូវបានលុបចោលជាយថាហេតុ” ។ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកដែលបានចាត់វិធានអន្តរាគមឆ្លើយតបនឹងសភាពការបានយ៉ាងឆាប់រហ័សនឹងគ្រប់គ្រងស្ថានការណ៍បានល្អ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកដែលរងគ្រោះទាំងអស់ក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ” ៕