សន្ដិសុខសង្គម

ត្រៀមបញ្ជូនសំណុំរឿងចាប់គ្រឿងចក្រឈួសឆាយដីរាប់សិបហិកតាទៅតុលាការ

ដោយ៖សុខុម

ស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញនៃសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបាននិយាយឱ្យដឹងនៅព្រឹក ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣ថា ត្រៀមនឹងបញ្ជូន សំណុំរឿងចាប់គ្រឿងចក្រទៅតុលាការដើម្បីបន្តនីតិវិធីពីបទល្មើសឈួសឆាយដីព្រៃខុសច្បាប់។

លោក អឿ គឹមហេងនាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបាននិយាយឱ្យដឹងថា គ្រឿងចក្រខាងលើសមត្ថកិច្ចកងរាជអាវុធហត្ថ និងរដ្ឋបាលព្រៃឈើបង្រ្កាបនៅភូមិសាស្រ្តភូមិកោះកីឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យពេលកំពុងធ្វើសកម្មភាពឈូសឆាយដីកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣។

លោកបានត្រៀមសំណុំរឿងបញ្ជូនបន្តទៅតុលាការរួចរាល់ហើយក្នុងសប្តាហ៍នេះ។គ្រឿងចក្រក៏បាន ដឹកយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។តែពុំមានការឃាត់ខ្លួនមនុស្សពាក់ព័ន្ធឡើយ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឱ្យដឹងថាទំហំផ្ទៃដីរដ្ឋរាប់រយរាប់ពាន់ហិកតាត្រូវប្រជាពលរដ្ឋកាប់ទន្ទ្រាន លក់ទៅឲ្យឈ្មួញ។ពួកគាត់ក៏មិនដឹងថាឈ្មួញនោះជាអ្នកណាឬធ្វើការងារអ្វីដែរ។ ប្រជាពលរដ្ឋគ្រាន់តែដឹងថាជាអ្នកប្រមូលទិញដីក្នុងតំបន់នោះ។

លោកលីមីណាអភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា ទីតាំងដីខាងលើម្ចាស់ដី គេមានឯកសារទិញដីតាំងពីមុនឆ្នាំបង្កើតជាស្រុកបុរីអូរស្វាយសែនជ័យមានផលដំណាំងស្វាយចន្ទីរអាយុកាល៥ឆ្នាំប៉ុន្តែនៅដីព្រៃខ្លះនៅបន្តសម្អាតក៏ត្រូវសមត្ថកិច្ចចាប់គ្រឿងចក្រ។

លោកអភិបាលស្រុកបានបញ្ជាក់ថាស្រុកបុរីអូរស្វាយសែនគឺបានបង្កើតជាផ្លូវការក្នុងឆ្នាំ២០១៩៕