សន្ដិសុខសង្គម

ឆេះរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំបណ្តាលឲ្យស្លាប់មនុស្សម្នាក់

ដោយ៖សុខុម

ភ្នំពេញ៖ ភ្លើងឆេះរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំនៅក្បែរគល់ស្ពានជ្រោយចង្វា ខាងកើត ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនៅវេលាម៉ោង ២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣បណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងតក់។

ជនរងគ្រោះឈ្មោះ សែម ស៊ីម អាយុ ៤០ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អ្នកនៅជិតកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានចេញពីក្រុមហ៊ុន ទៅខួបកំណើត គេ នៅខាងក្រៅ។ ក្រោយពីហូបរួចក៏ត្រឡប់មកក្រុមហ៊ុនវិញ ហើយក៏ដើរទៅយកកង្ហារទៅដោតសម្រាកនៅក្នុងរថយន្ត លុះមកដល់ម៉ោង កើតហេតុខាងលើ ស្រាប់តែឆ្លងចរន្ត ឆេះកង្ហារ បង្កទៅជាអណ្តាតភ្លើង ឆេះសន្ធោសន្ធៅ ។ ភ្លាមនោះដែរ បុគ្គលិកនៅក្នុង ក្រុមហ៊ុនទាំងអស់ ក៏បាននាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក ជួយបាញ់ពន្លត់រហូតដល់រលត់ទៅវិញ ប៉ុន្តែក្រោយពីពន្លត់ចប់ ក៏បាននាំគ្នាចូលទៅពិនិត្យ នៅក្នុងរថយន្ត ស្រាប់តែឃើញបុរសរងគ្រោះ ត្រូវបានភ្លើងឆេះខ្លោចស្លាប់ នៅក្នុងរថយន្តក្រុង បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រោយចង្វា សហការជាមួយនឹងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ រួចក៏ដាក់ការសង្ស័យថាការឆេះខាងលើ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។

នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារប្រាប់ឱ្យមកទទួលសពជនរង គ្រោះ ទៅធ្វើបុណ្យ តាមប្រពៃណី៕