សេដ្ឋកិច្ច

ក្រុមហ៊ុនIntelនឹងវិនិយោគ៤.៦ពាន់លានដុល្លារផលិតបន្ទះឈីបថ្មីនៅប៉ូឡូញ

ដោយ៖តុលា

ក្រុមហ៊ុន Intel (INTC.O) គ្រោងនឹងវិនិយោគរហូតដល់៤.៦ ពាន់លានដុល្លារនៅក្នុងការដំឡើងឧបករណ៍បន្ទះឈីប ឬហៅថា semiconductor ថ្មីនិងកន្លែងសាកល្បងនៅជិត ទីក្រុងWrocław ប្រទេសប៉ូឡូញដែលជាផ្នែកមួយនៃការជំរុញការវិនិយោគរាប់ពាន់លានដុល្លារនៅទូទាំង អឺរ៉ុប​ ដោយនឹង​បង្កើត​សមត្ថភាព​បន្ទះ​ឈីប​។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនៅក្នុងប្រទេសប៉ូឡូញនឹងផ្តល់ការងារដល់កម្មករចំនួន ២០០០ នាក់ និងបង្កើតការងារបន្ថែមជាច្រើនពាន់កន្លែងក្នុងដំណាក់កាលសាងសង់ និងការជួលដោយអ្នកផ្គត់ផ្គង់។  លោក Pat Gelsinger នាយកប្រតិបត្តិក្រុមហ៊ុន Intel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ប៉ូឡូញជាកន្លែងមានភាពអំណោយផលជាងគេក្នុងវិស័យនេះ”។

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ បានហៅរោងចក្ររបស់ក្រុមហ៊ុន Intel ថាជា “ការវិនិយោគលើវាលស្មៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ូឡូញ”។

ប្រទេសជាច្រើនបាននិងកំពុងប្រជែងគ្នាដើម្បីទទួលបានក្រុមហ៊ុន Intel វិនិយោគនៅក្នុងតំបន់របស់ពួកគេ ហើយមួយចំនួនដូចជាប្រទេសអាល្លឺម៉ង់ដែលបានធានាការប្តេជ្ញាចិត្តពី Intel បានកំពុងពិភាក្សាលើចំនួនប្រាក់ឧបត្ថម្ភដែលពួកគេអាចទទួលបាន។

ក្រុមហ៊ុន Intel ក្រោមការដឹកនាំរបស់ Gelsinger បាននឹងកំពុងវិនិយោគរាប់ពាន់លានដុល្លារក្នុងការកសាងរោងចក្រនៅទូទាំងទ្វីបចំនួនបី ដើម្បីស្ដារឡើងវិញនូវភាពលេចធ្លោរបស់ខ្លួនក្នុងការផលិតបន្ទះឈីប និងប្រកួតប្រជែងកាន់តែប្រសើរជាមួយគូប្រជែង AMD (AMD.O), Nvidia (NVDA.O) និង Samsung (005930.KS) ៕

ប្រភព៖ REUTERS