សន្ដិសុខសង្គម

អ្នកនេសាទដែលបាត់ខ្លួនក្នុងទន្លេសេកុងកាលពី៦ថ្ងៃមុនបានរកឃើញសាកសព

ដោយ៖សុខុម

ស្ទឹងត្រែង៖អ្នកនេសាទម្នាក់ ដែលបាត់ខ្លួនក្នុងទន្លេសេកុងដោយសារខ្យល់ព្យុះបានពន្លិចទូករបស់គាត់ចូលទៅបាតទន្លេកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នោះ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមិថុនា ទើបគេបានរកឃើញសាកសពរបស់គាត់។

អ្នកនេសាទដែលបាត់ខ្លួនក្នុងទន្លេសេកុងកាលពី៦ថ្ងៃមុនបានរកឃើញសាកសព
អ្នកភូមិរៀបចំសែងសពអ្នកនេសាទពីកន្លែងដែលគេបានប្រទះឃើញ

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បុរសម្នាក់ឈ្មោះអ៊ឹម អ៊ី ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានចេញទូកទៅរកនេសាទត្រីនៅតាមដងទន្លេសេកុង។

សមត្ថកិច្ចនិងសាច់ញាតិព្រមទាំងអ្នកភូមិកំពុងតែពិនិត្យសាកសពជនរងគ្រោះក្រោយពីបានរកឃើញ

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃដដែលនោះមានខ្យល់ព្យុះខ្លាំងក៏បានពន្លិចទូកនេសាទរបស់គាត់ចូលទៅបាតទន្លេនៅចំណុចសែងម៉ា ហើយគាត់ក៏បានបាត់ខ្លួនជាមួយនឹងទូកនេសាទកញ្ចាស់របស់គាត់។ ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចនិងក្រុមគ្រួសារបានស្វែងរកគាត់នៅក្នុងទន្លេនោះដែរតែរកមិនឃើញ។

សាច់ញាតិបានឲ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គឺក្រោយពីបាត់ខ្លួនអស់រយៈពេល៦ថ្ងៃ ទើបគេបានរកឃើញសាកសពរបស់គាត់ បានអណ្តែតទឹកមកទើរនៅត្រង់ចំណុចកោះត្បែងស្ថិតនៅភូមិសាស្រ្តទឹកដីនៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រោយពីបានប្រទះឃើញសាកសពរបស់គាត់ហើយ សមត្ថកិច្ចក៏បានចុះទៅពិនិត្យសាកសពនោះរួចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅរៀ់បចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

រូបភាពផ្ទៃទឹកទន្លេសេកុងដ៏ធំល្វឹងល្វើយមើលពីចម្ងាយ