សន្ដិសុខសង្គម

ស្ត្រីម្នាក់បានស្លាប់ដោយសាររថយន្តសណ្តោងបុកពេលកំពុងជិះម៉ូតូ

ដោយ៖កំចាយ

កំពត៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីរថយន្តបុក រួចកិនពីលើពេលកំពុងជិះម៉ូតូកាលពីថ្ងៃត្រង់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្ពានកំពង់បាយក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

លោកវរសេនីយ៍ឯក ពុធ សឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ ឃុំ ផល្លា អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្តប៊ឈ្មោះ លន វណ្ណា ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិច្រកឃ្លៃ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

លោកនាយការិយាល័យបានរៀបរាប់ថា នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិថុនា មានគ្រោះថ្នាក់ចរាចរបានកើតឡើងរវាងរថយន្ត និងម៉ូតូនៅក្បែរកំពង់បាយត្រើយខាងកើតពេលកំពុងធ្វើដំណើរស្របគ្នា។ មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះកំពុងជិះម៉ូតូឆ្ពោះទីទិសខាងត្បូងស្រាប់តែមានរថយន្តសណ្តោងមកពីក្រោយបុកម៉ូតូបណ្តាលឱ្យដួល រួចកិនពីលើស្ត្រីរូបនោះស្លាប់ភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ អ្នកបើកបរក៏ចុះពីរថយន្តព្យាយាមរត់គេចតែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ។ បច្ចុប្បន្ន រថយន្ត និងម៉ូតូពាក់ព័ន្ធករណីគ្រោះថ្នាក់នេះត្រូវសមត្ថកិច្ចរក្សាទុកដើម្បីដោះស្រាយនាពេលក្រោយ។ ចំណែកសពកំពុងរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំសាច់ញាតិយកទៅរៀបចំតាមប្រពៃណី៕