សន្ដិសុខសង្គម

រថយន្តដឹកទំនិញបុកអ្នកជិះម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

ដោយ៖សុខុម

ក្រចេះ៖ បុរសអ្នកបើកបរម៉ូតូម្នាក់បាត់បង់ជីវិតនៅក្នុងឧបទ្វេវហេតុ រថយន្តដឹកទំនិញមួយគ្រឿងបុកពេលកំពុងធ្វើដំណើរ បញ្រ្ចាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង នៅភូមិអូរគ្រៀង ឃុំអូរគ្រៀងស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញបុកម៉ូតូបង្កឡើងដោយរថយន្តម៉ាក កូរ៉េ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BN:9353 ។ ហេតុការណ៍នោះគេឃើញរថយន្តមានទិសដៅ ពីខាងត្បូង ទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏បុក ម៉ូតូមួយគ្រឿងបណ្តាលឱ្យម៉ូតូទទួលរងខូចខាតធ្ងន់ធ្ងរនៅលើផ្លូវជាតិ។

រីឯរថយន្តក៏រេចង្កូតធ្លាក់ចេញពីលើចិញ្ចើមផ្លូវអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ស្រមោល។ចំណែកម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1G:3469  បើកបរដោយឈ្មោះ ពៅ ព័ន្ធ អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជនរងគ្រោះបានស្លាប់ក្រោយពីក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ចំពោះ វត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធីនៅពេលក្រោយ៕