សេដ្ឋកិច្ច

រដ្ឋាភិបាលផ្តល់សិទ្ធិឱ្យខេត្តប្រើប្រាស់ទុនវិនិយោគត្រឹមប្រាំលានដុល្លារចុះក្រោម

ដោយ៖ គង់ហេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រតិភូកម្ម ផ្តល់សិទ្ធិឱ្យខេត្ត ក្នុងការវិនិយោគក្រោមទុន ប្រាំលាន ដុល្លារអាម៉េរិក ដល់អាជីវករ ក៏ដូចជាពាណិជ្ជករ ខណៈកាលពីមុនត្រឹមពីរលាន ដុល្លារប៉ុណ្ណោះ។

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងឱ្យដឹងបែបនេះនៅពេលដែលលោក និងសហការីបានអញ្ជើញចូលរួមពិសាអាហារសាមគ្គី ជាមួយអាជីវករផ្សារ នៅក្នុងក្រុងកំពង់ចាម នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ កាលពីល្ងាចថ្ងៃទី ១៧ មិថុនា។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ សូមអបអរសាទរអាណត្តិថ្មី នៃសភាពាណិជ្ជខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី ដែលមានលោកឧកញ៉ា ហួត ឈឿន ជាប់ជាប្រធាន។ ឱកាសនៃការវិនិយោគ ឱកាសនៃការពង្រីក មុខរបរបន្ថែមទៀតនៅខេត្តកំពង់ចាម នូវការងារ និងចំណូលសេដ្ឋកិច្ចខេត្តនេះ។ ដោយសូមឱ្យសភាពាណិជ្ជបានជាប់ឆ្នោតនេះ ពង្រឹងនៃការកសាងគ្រឹះ ក្នុងការចាប់យកឱកាស នៃការវិនិយោគបន្ថែមទៀត។ ដោយធ្វើយ៉ាងណាឱ្យមានអតិថិជនច្រើន គឺចាំបាច់ត្រូវមានជំនឿ។

លោកបានមានប្រសាសន៍បន្ថែមថាៈ ក្នុងនោះមានជំនឿផ្ទៃក្នុង មានសាមគ្គីភាព ឯកភាពគ្នា ធ្វើអ្វីមួយមានការប្រជុំពិគ្រោះយោបល់ សម្រេចដោយប្រធាន និងឈានទៅការដាក់ចេញនូវការវិនិយោគបណ្តាក់ទុន ដែលនាំមកនូវការរីកចម្រើន គ្មានការខាតបង់ និងឱកាសនៃការបង្កើនជំនឿ ដល់អតិថិជន មានន័យថា បើគ្មានអតិថិជន គឺការវិនិយោគរបស់យើងក៏អត់រីកចម្រើនដែរ គឺត្រូវធ្វើយ៉ាងណាចេះថ្នាក់ថ្នម អតិថិជន ចេះទាក់ទាញ ពួកគេ(អតិថិជន) ឱ្យគាំទ្រច្រើនទើបអាជីវកម្មរបស់យើងមានការអភិវឌ្ឍរីកចម្រើន។

លោកបានបន្តថា សូមវាយតម្លៃខ្ពស់ចំពោះប្រកបអាជីវកម្មនេះ គឺការជ្រើសរើសសមាជិកច្រើន មានន័យថា យើងមានដៃគូ និងចាប់ដៃគូក្នុងការវិនិយោគ។ ជាមួយនេះរាជរដ្ឋាភិបាលបានសម្រេចរួចហើយដោយធ្វើប្រតិភូកម្មឱ្យខេត្ត ក្នុងការផ្តល់សិទ្ធិសម្រេចការវិនិយោគដល់អាជីវករ និងពាណិជ្ជករ គឺខេត្តមានសិទ្ធិសម្រេចទឹកប្រាក់ចំនួន ប្រាំលាន ដុល្លារចុះក្រោម ខណៈដែលកាលពីមុនទឹកប្រាក់នេះត្រឹមចំនួន ពីរលាន ដុល្លារប៉ុណ្ណោះ៕