សន្ដិសុខសង្គម

ក្រុមបងធំជនជាតិចិនកាប់ចាក់គ្នានៅក្រុងព្រះសីហនុរបួសធ្ងន់៣នាក់

ដោយ៖រតនា

ក្រុមបងធំ២ក្រុមជាជនជាតិចិនដូចគ្នាបានបើកឆាកប្រយុទ្ធស្លាប់រស់ដោយប្រើកាំបិតប៉័ងតោកាប់គ្នាបណ្តាលឲ្យរងរបួសហូរឈាមស្រោចខ្លួន៣នាក់នៅសណ្ឋាគារហ្សឺចៃជីងក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា យើងបានបង្ក្រាបករណី ប៉ុនប៉ងមនុស្សឃាត កាប់ជនជាតិចិន៣នាក់ ឲ្យរងរបួសធ្ងន់នៅយប់ថ្ងៃទី១៧ មិថុនាឆ្នាំ ២០២៣ ។

លោកបានឲ្យដឹងថា ជនជាតិចិនមួយក្រុមមានគ្នាប្រហែលជា ១០នាក់ បានប្រើកាំបិត កាប់ទៅលើបុរសជនជាតិចិន ០៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកាប់រួចក្រុមជនសង្ស័យបានជិះរថយន្តចំនួន ០៣គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខៈ ភ្នំពេញ 2BS-6371 , ២-ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខៈ ភ្នំពេញ 2AD-6901 , ៣-ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BG-6980 រត់គេចខ្លួន ។

ប៉ុន្តែកម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតស្វែងរកឃើញ រថយន្ត ០២គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម , ២-ម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារ ១កន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចបានចុះទៅឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ ជាលទ្ធផលគឺ ឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធក្នុងរឿងនេះជាបណ្តោះអាសន្នចំនួន០៧នាក់និងបានហៅមនុស្សចំនួន៦នាក់យកមកចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ក្រុមបងធំជនជាតិចិនកាប់ចាក់គ្នានៅក្រុងព្រះសីហនុរបួសធ្ងន់៣នាក់
មនុស្សចំនួន៦នាក់ដែលសមត្ថកិច្ចហៅពួកគាត់យកមកសាកសួរ(រូបថតៈ សមត្ថកិច្ច )