សន្ដិសុខសង្គម

បាត់ខ្លួនពីផ្ទះមួយយប់ក្រោយមកប្រទះឃើញសពរបស់គាត់នៅកណ្តាលព្រៃ

 

ដោយ៖សុខុម

ស្ទឹងត្រែង៖ បុរសខ្មែរអ៊ីស្លាមម្នាក់ បានបាត់ខ្លួនពីផ្ទះមួយយប់ លុះក្រោយមកក្រុមគ្រួសារបានដើររកឃើញសាកសព​របស់គាត់នៅកណ្តាលព្រៃយ៉ាងអាថ៌កំបាំងបំផុត។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ស្មាស់ អីមៅ អាយុ៥២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ជា កសិករ រស់នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ គាត់បានបាត់ខ្លួនពីផ្ទះតាំងពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ហើយក្រុមគ្រួសារ​បានដើររកឃើញសាកសពរបស់គាត់នៅកណ្តាលព្រៃឆ្ងាយពីភូមិ នៅរសៀលថ្ងៃទី១៧ ខែមិថុនា។

ជុំវិញការស្លាប់របស់អ្នកភូមិម្នាក់នេះ មានការនិយាយផ្សេងៗពីគ្នា។ ក្រុមគ្រួសារថាអ្នកស្លាប់បានចេញពីផ្ទះទៅរកដកផ្សិតនៅក្នុងព្រៃ ហើយដើរប៉ះចំខ្សែភ្លើងដែលគេកែច្នៃពីអាគុយដាក់សម្រាប់យកសត្វព្រៃបណ្តាលឲ្យឆក់ស្លាប់ម្នាក់ឯង។ប៉ុន្តែគេនៅមិនទាន់ដឹងថាជនណាម្នាក់ជាអ្នករាយខ្សែភ្លើងនោះទេ។

រីឯអ្នកផ្សេងទៀតបាននិយាយថា បុរសខ្មែរអ៊ិស្លាមដែលស្លាប់នៅក្នុងព្រៃម្នាក់ឯងនោះគឺអាចបណ្តាលមកពីមូលហេតុអ្វីផ្សេងពីនេះ។ នៅជិតក្បាលរបស់សាកសពគេបានឃើញមានគោមសម្រាប់បំភ្លឺពេលយប់ពណ៌ខ្មៅ។ចំណែកនៅត្រង់កដៃខាងឆ្វេង​របស់ជននោះគឺមានស្នាមរយះសាច់ធំហើយរាងរោលខ្លោចបន្តិច។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយចុះ ជុំវិញករណីអ្នកភូមិម្នាក់ស្លាប់យ៉ាងអាថ៌កំបាំងនៅកណ្តាលព្រៃនោះ នៅរសៀលថ្ងៃទី១៧ ខែមិថុនានេះ សមត្ថកិច្ចនគរបាលកំពុងតែបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើរឿងនេះដើម្បីរកឲ្យឃើញពីការពិតដែលវាបានកើតឡើង៕