សេដ្ឋកិច្ច

ពលរដ្ឋកម្ពុជារស់នៅអាយុកើនច្រើនជាងមុនប្រមាណ១៥ឆ្នាំដោយការវិនិយោគបានត្រឹមត្រូវ

ដោយ៖ គង់ហេង

កំពង់ចាម៖ លោក ស៊ុន ចានថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថ ការដាក់ទុនវិនិយោគបានត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល គឺបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជារស់នៅបានជាមធ្យមអាយុ ៧០ ឆ្នាំ បើប្រៀបធៀបទៅកាលពីឆ្នាំ១៩៩៨ រស់បានអាយុ ៥៦ ឆ្នាំ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ក្រុងកំពង់ចាម ក្រោមកម្ចីឥនទានធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ១៦ មិថុនានេះ។

លោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅចំពោះវត្តមានប្រតិភូក្រសួងនេះជាច្រើនរូប លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី លោក TONY GILL តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករថា ជាតួលេខសំខាន់ចង់ឱ្យប្រជាពលរដ្ឋទាំងអស់ចងចាំ ដល់អាយុជីវិតយើងទាំងអស់គ្នានៅឆ្នាំ ១៩៩៨ កាលពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ គឺកាលនោះប្រជាពលរដ្ឋយើងសង្ឃឹមរស់នៅបានម្នាក់អាយុជាមធ្យម ៥៦ ឆ្នាំទើបស្លាប់។

លោកបានបន្ថែមថា ប៉ុន្តែឥឡូវការរកឃើញថ្មីសង្ឃឹមជាមធ្យមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅបានអាយុ ៧០ ឆ្នាំ។ ដែលនេះដោយសារការដាក់ទុនវិនិយោគរបស់រាជរដ្ឋាភិបាលលើប្រព័ន្ធទឹកកខ្វក់ លើទឹកស្អាត សម្រាប់ការទទួលទាន មានអនាម័យល្អ មានមន្ទីរពេទ្យ មានស្ពានផ្លូវឆ្លងទន្លេ និងបរិស្ថានល្អ មានធនធានច្រើនជាងមុន ដើម្បីទិញអាហារទទួលទានទើបយើងរស់នៅអាយុបានច្រើនជាងមុន គឺពី ៥៦ ឆ្នាំឡើងដល់បច្ចុប្បន្ន ៧០ ឆ្នាំ គឺច្រើងមុនជាង ១០ ឆ្នាំ។

លោកបានបន្តថា ដោយឡែកក៏មានប្រទេសខ្លះអត្រារស់នៅរបស់ប្រជាពលរដ្ឋ បានចុះថយពីមួយឆ្នាំ ហើយមួយឆ្នាំទៀត គឺផ្ទុយពីប្រទេសយើងដែលមានការកើនឡើងជាង ១០ ឆ្នាំ។ ដោយសារការដាក់ទុនវិនិយោគបានត្រឹមត្រូវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីធ្វើឱ្យប្រជាពលរដ្ឋយើងមានអាយុវែងជាងមុន ជីវភាំពធូរធាជាងមុន។ ដោយមានប្រព័ន្ធទឹកកខ្វក់នេះជាសំខាន់ គឺបើអត់មានទេ ទឹកកខ្វក់នឹងហូរចូលបឹងបួរ ចូលចម្ការ ចូលស្រែ ខូចបរិស្ថាន ខូចគុណភាពដីស្រែ។ ដូច្នេះទើបសម្តេចតេជោសម្រេចស្ថាបនា គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក៕