ព័ត៌មានជាតិ

BLFនឹងផ្តល់ថវិកា១៥លានផោនសម្រាប់អនុវត្តសកម្មភាពពីឆ្នាំ២០២៣-២០២៩

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Marc Thayre ភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវចម្រុះ (BLF) នៅកម្ពុជា។

លោក Marc Thayre បានលើកឡើងថា“ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មិនគោរពព្រំដែនទេ ហើយភាពជាដៃគូរឹងមាំ គឺមានសារសំខាន់ក្នុងការការពារបរិស្ថាន។ លោកភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបន្ថែមថា មូលនិធិតំបន់ទេសភាពជីវចម្រុះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ សហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអភិរក្សជីវចម្រុះ កាត់បន្ថយភាពក្រីក្រ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បង របស់រាជរដ្ឋាភិបាល កម្ពុជា ទន្ទឹមនឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានលើកឡើងថា គម្រោង BLF នឹងគាំទ្រដល់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៃការអភិរក្សជីវចម្រុះ និងការពង្រឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់គោលដៅ តាមរយៈការចុះបញ្ជី និងកំណត់តំបន់ការពារធម្មជាតិ ព្រមទាំងហិរញ្ញវត្ថុបៃតង ការកសាងសមត្ថភាព និងការអប់រំបរិស្ថាន។

សូមបញ្ជាក់ថា មូលនិធិតំបន់ទេសភាពជីវចម្រុះ BLF នឹងផ្តល់ថវិការហូតដល់ ១៥ លានផោន សម្រាប់អនុវត្តសកម្មភាព នៅរវាងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ នៅក្នុងតំបន់ទេសភាពមេគង្គក្រោម តាមទីតាំងមួយចំនួននៅកម្ពុជា ឡាវ និងវៀតណាម។ តំបន់ទេសភាពមេគង្គក្រោម គឺជាតំបន់មួយសម្បូរធនធានជីវចម្រុះ ដែលមានសារសំខាន់ជាអន្តរជាតិ ផ្នែកធនធានជីវចម្រុះ សក្តានុពលក្នុងការបំពេញមុខងារជាអាងស្រូបកាបូន តម្រូវការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕