សេដ្ឋកិច្ច

ប្រព័ន្ធអប់រំTVETមានសារសំខាន់និងដើរតួយ៉ាងសកម្មក្នុងការផលិតធនធានមនុស្ស

ដោយ៖សុខុម

ស្ទឹងត្រែង៖មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធទិវាជាតិលើកទី៦ ក្រោមប្រធានបទ TVETផ្តល់ជំនាញនិងការងារសមរម្យ មានការចូលរួមពីស្ថាប័នរដ្ឋ ឯកជននិងអង្គការក្រៅរដ្ឋាភិបាលជាពិសេសគឺសិស្សនិស្សិត មកស្តាប់ការផ្សព្វផ្សាយស្វែងរកការងារធ្វើ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងកម្មវិធីនោះផ្តោតជាសំខាន់ទៅលើពាក្យTVET។ ពាក្យTVETគឺជាពាក្យបំប្រួញ ពីភាសាអង់គ្លេស មានន័យថាការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវីជ្ជាជីវៈ(Technical Vocational Education and Training)។ ពាក្យបំប្រួញនេះនិយមប្រើជាទូទៅក្នុងបំណងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលនិងសិស្សនិស្សិតផ្នែកនេះ។ TVETគឺសំដៅដល់ប្រព័ន្ធអប់រំ បណ្តុះបណ្តាលប្រព័ន្ធបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ដែលខុសប្លែក ពីប្រព័ន្ធអប់រំចំណេះទូទៅ។

ប្រព័ន្ធអប់រំTVETមានសារសំខាន់និងដើរតួយ៉ាងសកម្ម ក្នុងការផលិតធនធានមនុស្ស ផ្នែកបច្ចេកទេសសម្រាប់ផ្គត់ផ្គង់វិស័យឧស្សាហកម្មគ្រប់ប្រភេទ។បង្រៀនឱ្យសិស្សចេះទ្រឹស្តីនិងការអនុវត្តការងារដោយផ្ទាល់នៅកន្លែងធ្វើការ។ប្រព័ន្ធនេះមានភាពជោគជ័យខ្លាំងក្នុងការបំពាក់ជំនាញដល់សិស្សដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ បន្ថែមលើនេះប្រព័ន្ធនេះក៏បានផ្តល់ឱកាសការងារភ្លាមៗដោយកន្លែងហាត់ការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

អត្ថប្រយោជន៍ទទួលបានពីការសិក្សានេះគឺទទួលបានជំនាញមានការងារមួយច្បាស់លាស់។មានប្រាក់ចំណូលសមរម្យមានឥរិយាបទសីលធម៌សុជីវធម៌ល្អ។ឱកាសហាត់ការនិងធ្វើការនៅសហគ្រាសឯកជន។ឱកាសបើកមុខរបរដោយខ្លួនឯងទទួលបានការប្រឹក្សាយោបល់ពីការងារ។ផ្សារភ្ជាប់ការសិក្សាទៅនឹងទីផ្សារការងារក្នុង-ក្រៅខេត្ត។លើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ។

ក្នុងថ្ងៃប្រារព្វទិវាជាតិTVET នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក៏មានការចូលរួមពីមន្ទីរជំនាញសហគ្រាសឯកជនសិស្សនិស្សិតយុវជន អាណាព្យាបាលសិស្សសសយកអង្គការលោកគ្រូអ្នកគ្រូចំនួន៥០៩នាក់។មានស្តង់ដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិតអំពីផលិតផលសេវាកម្មមានចំនួន១៩ស្តង់រួមមានមន្ទីរទេសចរណ៍ចំនួន៣ស្តង់។មជ្ឈមណ្ឌលការងារ១ស្តង់ការផ្តល់ព័ត៌មានមជ្ឈមលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមាន៤ស្តង់។ការបង្ហាញនៅតាមស្តង់នេះគឺជាស្នាដៃសិស្សជំនាញអគ្គិសនីសំណង់ជួលជុលម៉ូតូនិងផ្សារដែក។ក្រៅពីនេះក៏មានខាងក្រុមហ៊ុនគ្រឿងយន្តកសិកម្ម,សហគ្រាសឯកជនបុគ្គលិកហាងលក់ម៉ូតូស្តង់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕